(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចុះធ្វើការត្រួតពិនិត្យមើលម៉ូតូ ដែលបានដកហូតពីឃ្លាំងបញ្ចាំ និងបែងចែកម៉ូតូណាស្របច្បាប់ ឬក៏មិនសមស្របតាមច្បាប់ជូនម្ចាស់ម៉ូតូវិញ។

លោក ឃ្លាំង ហួត បានថ្លែងថា «យើងធ្វើការចុះត្រួតពិនិត្យមើលម៉ូតូទាំងអស់ដែលបានឃាត់ទុកជាង ១០០០គ្រឿង ដែលបានដកហូតពីឃ្លាំងបញ្ចាំខុសច្បាប់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលយកមកដាក់នៅឃ្លាំង OCIC ដើម្បីបែងចែកថា ម៉ូតូណាសមស្របតាមច្បាប់ ឬមិនសមស្របតាមច្បាប់។ យើងនឹងរកនីតិវិធីដោះស្រាយ បញ្ចប់រឿងនេះមួយសិន ដើម្បីយើងបន្តការងារនេះបន្តទៀត»

លោកបន្តថា លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា នៅពេលនេះ ចាប់ផ្ដើមក្រោកក្រើកឡើងវិញហើយនូវបញ្ហាកន្លែងទទួលបញ្ចាំម៉ូតូដោយគ្មានឯកសារត្រឹមត្រូវ ដែលធ្វើឲ្យកើតមានបទល្មើស លួច ឆក់ ប្លន់ ដោយជនសង្ស័យ​ ក្រោយធ្វើសកម្មភាពទាំងអស់នេះរួច ពួកគេបានយកទៅបញ្ចាំនៅឃ្លាំងរំសេវនេះតែម្តង។

លោក ឃ្លាំង ហួត បន្តថា «នៅពេលនេះ មានការចូលរួមសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីត្រួតពិនិត្យមើលថា តើម៉ូតូណាមួយសមស្របតាមច្បាប់ ឬក៏មិនសមស្របតាមផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ចប់ រឿងទាំងនេះអស់ ហើយចាប់ផ្តើមបន្តការចុះពិនិត្យមើលឃ្លាំងបញ្ចាំខុសច្បាប់បន្តទៀត»។ ជាមួយគ្នានេះដែរ លោកបានផ្ដាំផ្ញើដល់អ្នករកស៊ីអាជីវកម្មបញ្ចាំទាំងអស់ «កុំធ្វើការកេងប្រវ័ញ្ច ញើសឈាមប្រជាជនក្រីក្រចឹង បើដឹងថាច្បាប់ហើយ»

បើតាមអភិបាលរងរាជធានីភ្នំពេញ, ចំពោះម៉ូតូណាដែលមានច្បាប់ ឬមិនមានច្បាប់ អាជ្ញាធរនឹងធ្វើការញែកច្រើនករណីណាស់ ដោយក្នុងនោះ យើងបានប្រគល់ជូននិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដោយឲ្យម្ចាស់ទីតាំងឃ្លាំង បញ្ចាំទាំងអស់យកឯកសារពាក់ព័ន្ធមកជាមួយ ក្នុងករណីម៉ូតូទាំងនោះមិនមានឯកសារត្រឹមត្រូវ និងបន្តធ្វើនីតិវិធីមួយទៀត។

លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ សូមអញ្ជើញមកពិនិត្យមើលម៉ូតូរបស់ខ្លួននៅឃ្លាំងស្តុបទុកម៉ូតូ OCIC ជ្រោយចង្វារ ដែលស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយត្រូវកាន់ឯកសារពាក់ព័ន្ធ មកជាមួយដូចជា៖ ពាក្យបណ្ដឹង, កាតគ្រីម៉ូតូ និងអត្តសញ្ញាណប័ណ្ណ ចំពោះទីតាំងខាងលើនេះ អាជ្ញាធរបានបើកទ្វាររង់ចាំបងប្អូនប្រជាពលរដ្ឋមកពិនិត្យមើលម៉ូតូផងដែរ។

លោកបានគូសបញ្ជាក់ថា ចំពោះយុទ្ធនាការចុះបង្ក្រាបនៅទីតាំងឃ្លាំងបញ្ចាំខុសច្បាប់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរនៅតែបន្តអនុវត្ត ដោយមិនមានការលើកលែងនោះឡើយ។ ដោយទន្ទឹមនឹងនោះលោក ក៏បានទទួលសំណូមពរពីប្រជាពលរដ្ឋផងដែរថា រាល់ថ្ងៃនេះ គេសង្កេតឃើញថា មានការលួចគាស់កាត់កញ្ចក់រថយន្ត ដែលកញ្ចក់រថយន្តទាំងនោះសុទ្ធតែមានតម្លៃថ្លៃៗ។

លោកថា ទីតាំងដែលទទួលទិញកញ្ចក់រថយន្តទាំងនោះនៅម្តុំកាល់ម៉ែត្រ។ ចំពោះទីតាំងខាងលើនេះ លោកនឹងធ្វើការចុះត្រួតពិនិត្យផងដែរឲ្យតែទទួលទិញរបស់ចោរនឹងទទួលទោស ហើយ​អាជ្ញាធរនឹងធ្វើការបង្ក្រាបឲ្យខានតែបាន៕