(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ លោក Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធាន អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) ថា វិស័យសាសនានៅកម្ពុជា មានសុខដុមភាពណាស់។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ពេលអនុញ្ញាតឲ្យ លោក Jusuf Kalla ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោក Jusuf បានសម្តែងនូវការគោរពជូន សម្តេចតេជោ ចំពោះការដឹកនាំដ៏ឈ្លាសវៃ ដែលនាំកម្ពុជាមកនូវសុខសន្តិភាព និងសុខដុមរមណីយកម្មខាងសាសនា។ លោកបានជម្រាបជូនសម្តេចតេជោផងដែរថា លោកបាននាំសាសនិកឥស្លាមមកជាង ១០០នាក់ មកចូលរួមស្រាយបូសនៅកម្ពុជា ហើយអ្វីដែលលោកបានឃើញកាលពីម្សិលមិញ គឺជាសុខដុមភាព និងសាមគ្គីភាពយ៉ាងល្អ នៅក្នុងសាសនានៅកម្ពុជា។

សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ លោក Jusuf ដែលបានដឹកនាំសាសនិកឥស្លាមមកចូលរួមស្រាយបួសនៅកម្ពុជា។ សម្តេចតេជោ បានជម្រាបជូនលោក Jusuf ថា កម្ពុជារៀបចំកម្មវិធីស្រាយបួសនេះជារៀងរាល់ឆ្នាំ ហើយសាសនានៅកម្ពុជា គឺមានសុខដុមភាពណាស់ ទាំងរវាងសាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ៕