(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការគ្នាឲ្យបានស្អិតរមួតជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីជំរុញការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរ មួយកម្រិតថែមទៀត ពោលគឺធ្វើយ៉ាងណាឲ្យសមទៅនឹងការដាក់ហាសនាម ជាកងទ័ពអាវ ស។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលសុខាភិបាលឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា បុគ្គលិកបុគ្គលិកពេទ្យ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបំពេញការងារយ៉ាងល្អ នាពេលកន្លងមក ពិសេសនៅក្នុងយុទ្ធនាការនៃការបង្ការទប់ស្កាត់ជំងឺ កូវីដ១៩ ។ ពេទ្យពិតជាមានសមត្ថភាពគ្រប់គ្រាន់ មិនចាញ់គ្រូពេទ្យបរទេសនោះទេ។ អ្វីដែលខ្វះខាតនោះ គឺមិនទាន់មានម៉ាស៊ីនទំនើបៗ ដូចបណ្ដាលប្រទេសជឿនលឿនមួយចំនួន។

លោក ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវ ចុះ MoU ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីបំពេញការងារលើវិស័យសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។ មន្ទីរសុខាភិបាលត្រូវបន្តការសហការជាមួយអាជ្ញាធរខណ្ឌ ចុះធ្វើការត្រួតពិនិត្យនៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព គ្លីនិកឯកជន នៅក្នុងរាជធានីភ្នំពេញទាំងអស់ បើទោះបីមានច្បាប់ ឬមិនមានច្បាប់។

បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានធ្វើការណែនាំមណ្ឌលសុខភាព មន្ទីរពេទ្យនានា ជាមន្ទីរពេទ្យដែលមានបរិស្ថាន អនាម័យល្អ។ ដោយមើលឃើញពីបញ្ហានេះ ទើបរាជរដ្ឋាភិបាល ប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ សំដៅឲ្យការផ្តល់សេវា ត្រូវតែនៅគៀកកិត និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បញ្ជាក់ផងដែរថា អង្គសន្និបាតនេះ ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អ្នកជំនាញឯកទេស អ្នកស្រាវជ្រាវ វេជ្ជបណ្ឌិត សាស្ត្រាចារ្យ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ បានផ្លាស់ប្តូរបច្ចេកទេស វិធីសាស្ត្រព្យាបាល វិជ្ជាជីវៈឯកទេស បទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការបង្កើនប្រសិទ្ធភាពថែមទៀត នៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល ព្រមទាំងសម្រាប់លើកទិសដៅការងាររបស់មន្ទីរនៅក្នុងឆ្នាំ២០២៣នេះឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗនៃសេវា និងត្រៀមខ្លួនចូលរួមបង្ការទប់ស្កាត់ ការរីករាលដាល នៃជំងឺឆ្លងគ្រប់ប្រភេទ ពិសេសជំងឺកូរីដ-១៩ បំប្លែងថ្មី ភាពស៊ាំនៃជំងឺ និងជំងឺកាចសាហាវផ្សេងៗទៀត ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងផងដែរថា មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយប្រធាន ០១រូប អនុប្រធានចំនួន ០៤រូប និងមានការិយាល័យចំណុះចំនួន ០៤រួមមាន៖ ការិយាល័យរដ្ឋបាល- បុគ្គលិក ការិយាល័យគណនេយ្យ-ហិរញ្ញវត្ថុ ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ និងការិយាល័យនិយ័តកម្ម សុខាភិបាល ការិយាល័យស្រុកប្រតិបត្តិចំនួន ០៧ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកកម្រិតCPA1 ចំនួន ០៧ មណ្ឌលសុខភាពចំនួន ៤៣ និងប៉ុស្តិ៍សុខភាពចំនួន ៧ទីតាំង និងមានមន្ត្រី និងបុគ្គលិក សុខាភិបាលសរុបចំនួន ១.៣៩២រូប (ស្រ្តីចំនួន ៧៦៦រូប)។

លោកបន្តថា នៅក្នុងឆ្នាំ២០២២នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានលទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈ លទ្ឋផលទាំងនេះ បានមកពីការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយមានការគាំទ្រពីអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍន៍សុខាភិបាល និងការចូលរួមរបស់សហគមន៍។ កត្តាគន្លឹះដែលនាំឲ្យសំរេចបាននូវសមិទ្ធផលខាងលើ គឺ ដោយមានការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន៕