(ភ្នំពេញ)៖ កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ នាចុងខែមេសា ឆ្នាំ២០២៣ខាងមុខ ក្រោមក្ដីរំពឹងទុកថាព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះនឹងក្លាយជាឱកាសជួយផ្សព្វផ្សាយបង្ហាញ និងទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត។

ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំកិច្ចការងារនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣នេះ នៅទីស្ដីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ លោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា «កិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី៥១» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួមកម្រិត Head NTOs និងមន្ត្រីបច្ចេកទេសសរុបចំនួន៨០រូប។ រីឯ «វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីប្រតិភូតំណាងប្រទេស GMS វិស័យឯកជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន១៨០រូប និងអ្នកសារព័ត៌មានប្រមាណ៣០រូប។

លោក ថោង រដ្ឋសក្តិ បានបន្តថា នាឱកាសនោះ ក៏មានការរៀបចំទីតាំងពិព័រណ៍ប្រកបដោយនិរន្តភាព (Sustainable Tourism Exhibition) ចំនួន២០ទីតាំង នៅសណ្ឋាគារឯករាជ្រ ដោយក្នុងនោះទីតាំងចំនួន៦ នឹងត្រូវរៀបចំរចនាដោយក្រសួងទេសចរណ៍សម្រាប់ប្រទេសជាសមាជិក GMS។ ក្រៅពីនេះក៏មានការរៀបចំការតំាងបង្ហាញពិព័រណ៍រូបភាពគោលដៅថ្មីៗរបស់ប្រទេសជាសមាជិក GMS ដោយបានរៀបចំតាមរូបភាពដែលប្រទេស GMS បានប្រគល់ជូន។

ពិសេសលើសពីនេះ នឹងការរៀបចំទស្សនកិច្ចនៅលើគោក និងនៅតាមកោះ-ឆ្នេរសម្រាប់ប្រតិភូអន្តរជាតិ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីរួមចំណែកផ្សព្វផ្សាយពីគោលដៅទេសចរណ៍ល្បីៗនៅខេត្តព្រះសីហនុ បង្ហាញដល់ប្រតិភូជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានផងដែរ។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានចាត់ទុកព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ គឺជាជាឱកាសមាសមួយទៀតក្នុងការជួយផ្សព្វផ្សាយបង្ហាញដល់ប្រតិភូអន្តរជាតិ ក៏ដូចជាទីផ្សារទេសចរណ៍ក្រៅប្រទេស សំដៅរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាបន្ថែមទៀត។

លោក ថោង ខុន ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មការអន្តរក្រសួងត្រូវសហការរៀបចំកិច្ចការតាមផ្នែករៀងៗខ្លួនឱ្យបានល្អប្រសើរ ព្រោះជាឱកសសាបង្ហាញពីមុខមាត់ប្រទេសជាតិ មិនអាចធ្វេសប្រហែសបានឡើយ ដូចជាការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅនិងអាហារ ការធ្វើដំណើរនិងដឹកនាំជញ្ជូន សន្តិសុខនិងសុវត្ថិភាព ការរៀបចំវេទិកានិងកិច្ចប្រជុំពាក់ព័ន្ធ ការសម្ដែងសិល្បៈនិងទស្សនីយភាព ការរៀបចំទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ ក៏ដូចជាកិច្ចពាក់ព័ន្ធផ្សេងទៀត។

លោករដ្ឋមន្ត្រីបានណែនាំបន្ថែមឱ្យក្រុមការងារជំនាញផ្សព្វផ្សាយពីយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ និងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

គួរជម្រាបថា កិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ គឺមានពាក់ព័ន្ធនឹងប្រទេសចំនួន៥ជាសំខាន់ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ហើយក៏មានវាគ្មិននិងអ្នកជំនាញទេសចរណ៍មកពីបណ្ដាប្រទេសផ្សេងទៀតដែរ៕