(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានលើកឡើងថា កម្ពុជាពីមុន ល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខជាចម្ការមីន ប៉ុន្ដែឥឡូវនេះ បានក្លាយជា «កោះសន្តិភាព» និងជាតំបន់ទេសចរណ៍ ប្រកបដោយប្រជាប្រិយភាព។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញជា​អធិបតី ក្នុង​ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៧ ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាពីមុន ដែលល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខជាចម្ការមីន ដែលមានការភ័យខ្លាចគ្រប់គ្នា ឥឡូវនេះ បានក្លាយជា «កោះសន្តិភាព» និងជាតំបន់ទេសចរណ៍ ប្រកបដោយប្រជាប្រិយភាព»

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា កម្ពុជាពីមុន ដែលជាប្រទេសអន់ថយ ខាងផ្នែកសេដ្ឋកិច្ចគ្របដណ្តប់ ទៅដោយភាពក្រីក្រ និងមានអសន្តិសុខស្បៀង ឥឡូវនេះ បានក្លាយជាប្រទេសនាំស្បៀងចេញ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់។

បន្ថែមពីនោះទៀត សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាពីមុន ដែលជាប្រទេសទទួលរងការហ៊ុមព័ទ្ធ និងឯកាទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះ បានក្លាយជាប្រទេសមួយ ដែលកំពុងសមាហរណកម្ម ខ្លួនយ៉ាងសកម្ម នៅក្នុងរចនាសម្ព័ន្ធ និង និម្មាបនកម្មសកល និងជាប្រទេស ដែលកំពុងដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។

លើសពីនេះ សិទ្ធិ និងសេចក្ដីថ្លៃថ្លូរបស់ប្រជាជនកម្ពុជា ត្រូវបានធានា ហើយសេរីភាពសាសនា ត្រូវបានស្ដារឡើងវិញទាំងស្រុង។ នេះជាការបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានឲ្យដឹងផងដែរថា រាជរដ្ឋាភិបាល តែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនា ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួល ដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាត ចំពោះការរើសអើងពូជសាសន៍ និងជំនឿសាសនា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាលទ្ធផលជម្លោះ ឬសង្រ្គាមសាសនា ពុំធ្លាប់កើតមាន ក្នុងប្រវត្តិសាស្រ្តទំនើបរបស់កម្ពុជានោះឡើយ ហើយកម្ពុជាត្រូវបានទទួលស្គាល់ និងទទួលបានការកោតសរសើរ ពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ចំពោះសុខដុមភាពជំនឿសាសនា ដែលកម្ពុជាសម្រេចបាន ជាមួយនឹងការថែរក្សានូវចីរភាព នៃសុខដុមភាពដ៏ប្រពៃនេះ៕