(ភ្នំពេញ)៖ ធនាគារ ប៊ីអាយស៊ី (BIC BANK) បានប្រកាសតែងតាំងលោក ហុង សុខឡេង នាយកប្រតិបត្តិថ្មី ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣តទៅ។

លោក សុខឡេង នាំយកបទពិសោធន៍ជាង១៥ឆ្នាំនៃយុទ្ធសាស្រ្ត ការអភិវឌ្ឍន៍អាជីវកម្ម និងសេវាកម្មហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំ មកកាន់តំណែង CEO ថ្មីនៃធនាគារប៊ីអាយស៊ី។

បទពិសោធន៍ក្នុងការដឹកនាំដ៏ច្រើនរបស់លោក ហុង សុខឡេង នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលលោកធ្លាប់មានតួនាទី នៅក្នុងមុខតំណែងជាន់ខ្ពស់ជាច្រើនបន្តបន្ទាប់ នៅធនាគារធំៗក្នុងស្រុក ព្រមទាំងធនាគារបរទេសវិនិយោគក្នុងស្រុក នឹងផ្តល់ឱ្យធនាគារប៊ីអាយស៊ី នូវមាគ៌ាដ៏ល្អ ដើម្បីសម្រេចបាននូវសមិទ្ធផល ដែលប្រសើរក្នុងនាមជាស្ថាប័ន និងជាធនាគារ។

លើសពីនេះផងដែរ លោក ហុង សុខឡេង ក៏មានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យ Fast-Moving Consumer Goods (FMCG) លោកបានបង្កើតទំនាក់ទំនងល្អៗ ជាមួយដៃគូសំខាន់ៗ ហើយដឹកនាំ និងគ្រប់គ្រងផ្នែកលក់ទូទាំងប្រទេស៕