(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា អនុញ្ញាតឲ្យក្រុមប្រឹក្សាយុវជនម៉ាឡេសុី MBM ដឹកនាំដោយលោក Mohd. Izzat Afifi Hj. Abdul Hamid ចូលជួបសម្តែងការគួរសម និងចុះអនុស្សារណយោគយល់ MOU រវាងសមាគមទាំងពីរ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលឥស្លាម (PPIC)។

ជំនួបនេះឆ្លៀតក្នុងឱកាស ប្រតិភូក្រុមប្រឹក្សាយុវជនម៉ាឡេស៊ី MBM អញ្ជើញមកកម្ពុជា ដើម្បីចូលរួមពិធីពិសារអាហារស្រាយបួសថ្នាក់ជាតិលើកទី៧ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។

គោលបំណង នៃការចុះអនុស្សារណយោគយល់ MoU នេះ គឺដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការយុវជន ដោយឈរលើមូលដ្ឋានសមភាពទៅវិញទៅមក លើកកម្ពស់ទំនាក់ទំនង និងការយោគយល់គ្នារវាងស្ថាប័នទាំងពីរ។

វិសាលភាព នៃកិច្ចសហប្រតិបត្តិការនេះ មានដូចជា កម្មវិធីផ្លាស់ប្តូរយុវជនរយៈពេលខ្លី (exchange program) ចូលរួមកម្មវិធីវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការផ្លាស់ប្តូរព័ត៌មានស្តីពីកម្មវិធីយុវជន ការអភិវឌ្ឍយុវជន ការបណ្តុះបណ្តាល និងកម្មវិធីស្រាវជ្រាវ។

MBM​ ត្រូវបានបង្កេីតឡេីងនៅឆ្នាំ១៩៤៨​ មានសមាជិកជាង​ ១.២លាននាក់ មានអង្គភាពយុវជនជាតិនៅក្រោមឆ័ត្រ ចំនួន៤១​ និងមានស្នាក់ការនៅតាមតំបន់​ ចំនួន​១០៦។ MBM ក៏ជាសមាជិកគណៈកម្មការយុវជនអាស៊ាន ដោយក្នុងនោះក៏មាន​ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក​) ផងដែរ៕