(ភ្នំពេញ)៖​ ថ្លែងនៅក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅ FACTORY Phnom Penh នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះលោក​ នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងអំពាវនាវដល់ប្រជាជនក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាពវិជ្ជមានបន្ថែមទៀត ដើម្បីរួមគ្នាស្តារភពផែនដីឡើងវិញ សម្រាប់គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

សូមជម្រាបដែរថា ទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៣ បានធ្វើឡើងក្រោមប្រធានបទ «ឈានទៅមុខរួមគ្នា ស្តារផែនដីស្រស់បំព្រងឡើងវិញ» ហើយក៏ជាខួបទី១៤ហើយ ដែលប្រទេសកម្ពុជា ប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ដែលប្រព្រឹត្តឡើងដោយមានការតាំងពិព័រណ៍សមិទ្ធផលការងារបរិស្ថាន ផលិតផលការងារសហគមន៍ វេទិការពិភាក្សា ព្រមទាំងការប្រគុំតន្រ្តី ការសម្តែងសិល្បៈ សំដៅបង្កើនការយល់ដឹងពីបរិស្ថានក៏ដូចជាសម្រាប់ការកំសាន្តផងដែរ។

លោក​ នេត្រ ភក្ត្រា បានថ្លែងដូចនេះថា «ប្រជាជនគ្រប់រូបត្រូវចូលរួមចំណែកក្នុងការបង្កើនឥទ្ធិពលនៃសកម្មភាពរួមជាវិជ្ជមានសម្រាប់ភពផែនដី។ ទិវាមួយម៉ោងសម្រាប់ភពផែនដី គឺជានិមិត្តរូបនៃការបង្រួបបង្រួម ហើយក្នុងឆ្នាំ២០២៣នេះ ខ្ញុំសូមអំពាវនាវដល់ប្រជាជនក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ឲ្យអនុវត្តសកម្មភាពវិជ្ជមានបន្ថែមទៀត ដើម្បីស្តារភពផែនដីឡើងវិញ សម្រាប់គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព»។ 

លោក​ នេត្រ ភក្រ្តា​ បានឱ្យដឹងទៀតថា​ ក្នុងនាមជាប្រជាជននៃភពផែនដី យើងសូមឧទ្ទិសការដឹងគុណចំពោះភពផែនដីដែលបានផ្តល់ខ្យល់អុកស៊ីសែនដល់យើងសម្រាប់ដកដង្ហើម ទឹក និងអាហារ សម្រាប់ទទួលទាន ទ្រទ្រង់ការសាយភាយលំអងរុក្ខជាតិច្រើនប្រភេទ ការពារមនុស្សជាតិពីគ្រោះធម្មជាតិនានា ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតចាំបាច់សម្រាប់គាំទ្រដល់ជីវិតមនុស្ស។ លក្ខណៈពិសេសនៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់ភពផែនដីទាំងអស់នេះ សរបញ្ជាក់ពីទំនាក់ទំនងរបស់យើងទាំងអស់គ្នាជាមួយភពផែនដីផងដែរ។

លោក​ នេត្រ ភក្រ្តា បានបន្តថា​ យើងត្រូវរួមគ្នាធ្វើសកម្មភាពពេលនេះជាងពេលណាៗទាំងអស់ ដើម្បីតបស្នងដល់ភពផែនដីវិញក្នុងការរស់នៅប្រចាំថ្ងៃ តាមរយៈសកម្មភាពផ្សេងៗ រាប់ចាប់តាំងពីការកាត់បន្ថយនូវធនធានដែលយើងមាន ការប្រើប្រាស់ឡើងវិញធនធានដែលយើងមាន និងការកែច្នៃឡើងវិញធនធានដែលយើងមាន ក៏ដូចជាការមិនបរិភោគសាច់សត្វព្រៃ មិនជាវផលិតផល ពីសត្វព្រៃ ដើម្បីកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានលើបរិស្ថានធម្មជាតិ រហូតដល់ការរួមចំណែកសកម្មភាពធំ ឧទាហរណ៍ដូចជាការវិនិយោគលើជម្រើសថាមពលកកើតឡើងវិញ ដើម្បីចូលរួមការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីកម្ពុជាជាដើម។

បើតាមលោក​ តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងដែរថា វិធីសាស្រ្តនៃការអនុវត្តការងារតាមទម្លាប់ចាស់លែងគ្រប់គ្រាន់ទៀតហើយ ដូចនេះយើងទាំងអស់គ្នាត្រូវតែចូលរួមបង្កើនសកម្មភាពបន្ថែមទៀត។ សុខភាពសាធារណៈ សង្គមប្រកបដោយបរិយាបន្ន និងការអភិរក្សជីវៈចម្រុះសុទ្ធសឹងជាធាតុផ្សំដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងសង្គមជុំវិញពិភពលោក អនុវត្តក្នុងការ ស្តារភពផែនដីឡើងវិញប្រកបដោយភាពធន់និងរឹងមាំ ក្នុងន័យនេះការអនុវត្តស្តង់ដានៃគោលការណ៍ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវអាចជួយដល់ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ ទេសចរណ៍ ក្នុងការស្តារវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរឡើង។

លោក​ តុប សុភ័ក បានបន្ថែមថា ព្រឹត្តិការណ៍ចុងក្រោយមួយចំនួនដែលបានកើតឡើងបានជម្រុញឲ្យមនុស្សនៅជុំវិញពិភពលោក ងាកមកគិតគូរសារឡើងវិញអំពីសារៈសំខាន់នៃធម្មជាតិ ទំនាក់ទំនងរបស់ធម្មជាតិក្នុងជីវភាពរស់នៅរបស់យើងទាំងអស់គ្នា និងកត្តាគំរាមកំហែងដែលធម្មជាតិកំពុងប្រឈម។ លក្ខខ័ណ្ឌទាំងអស់នេះបានបញ្ជាក់ឲ្យឃើញអំពីទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បាន រវាងសុខភាពរបស់មនុស្ស និងសុខភាពរបស់ភពផែនដីដែលបច្ចុប្បន្នសុទ្ធតែកំពុងស្ថិតក្រោមការគំរាមកំហែងពីសកម្មភាពផ្សេងៗ។

បើតាមលោក សេង ទៀក នាយកអង្គការ WWF បានឲ្យដឹងដែរថា​ ធម្មជាតិគឺជាសម្ព័ន្ធមិត្តដ៏ចាំបាច់បំផុតមួយរបស់មនុស្សដើម្បីប្រយុទ្ធប្រឆាំងនឹងហេតុប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងកសាងអនាគតមួយប្រកបដោយនិរន្តរភាព ព្រោះធម្មជាតិនិងជីវៈចម្រុះជាអ្នកទ្រទ្រង់ជីវិតមនុស្ស និងសុខមាលភាពក៏ដូចជាផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចសង្គម។

លោកបានបន្តថា​ ការស្តារធម្មជាតិ និងជីវៈចម្រុះឡើងវិញ ជាដំណោះស្រាយឈ្នះឈ្នះដើម្បីសង្គ្រោះសុខមាលភាពបរិស្ថាន និងមនុស្សជាតិ។​ នៅក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះ គ្រឹះស្ថានសាធារណៈ សហគមន៍ វិស័យឯកជន និងប្រជាជនគ្រប់រូបនៅគ្រប់ទិសទីត្រូវបានលើកទឹកចិត្តឲ្យផ្តល់ពេលវេលាចំនួនមួយម៉ោង សម្រាប់ភពផែនដីតាមរយៈការធ្វើសកម្មភាពវិជ្ជមាន ទោះតិចឬច្រើនក្តី សកម្មភាពតូចឬធំក្តី ដើម្បីស្តារភពផែនដីឲ្យកាន់តែប្រសើរឡើងវិញ៕