(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តទឹកជុំមានជ័យ (វត្តកោះចារ) នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធជាច្រើននាក់ចូលរួមផងដែរ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាល និងដោយឡែក ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង និងសប្បុរសជនដែលបានបរិច្ចាគនូវធនធានជាច្រើនក្នុងការចូលរួមអភិវឌ្ឍវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗជាច្រើនទៀតក្នុងមូលដ្ឋានខេត្តបាត់ដំបង ពិសេសការកសាងសមិទ្ធផលដែលសម្ពោធនាថ្ងៃនេះ។​

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីគណបក្សប្រជាជនកម្ពុជារក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គ សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព ទោះបីជាយើងត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ។

សម្ដេចក្រឡាហោមក៏បានអំពាវនាវអង្គពិធីរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។

ជាមួយគ្នានេះ សម្ដេចបានណែនាំជាថ្មីទៀតឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង ជាពិសេសប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់។ អាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្ការទប់ស្កាត់អគ្គិភ័យ និងណែនាំដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាផងដែរ៕