(ក្រចេះ)៖ អ្នកឧកញ៉ា លី សាម៉េត ហៅគ្រូមា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបគ្រប់អាយុ និងមកពីគណបក្សផ្សេងៗចំនួន ១,១៨២នាក់ នៅក្រុងក្រចេះ។

ពិធីនេះមានការចូលរួមពីលោក ដួង ដារ៉ា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី, លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ និងលោក ឈឿន ប៊ុណ្ណារ័ត្ន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងក្រចេះ ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធាន សមាជិកគណបក្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះលោក វ៉ា ថន បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះ ការចូលរួមជីវភាពនយោបាយ របស់បងប្អូនអតីតគណបក្សផ្សេងៗ មកជាសមាជិកគណបក្សប្រជាជនកម្ពុជាវិញ ហើយទង្វើនេះចាត់ទុកថាបងប្អូន មានទំនុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវបំផុតរបស់សម្ដេចតេជោ ដែលជាប្រធានគណបក្ស។ លោកពិតជារីករាយជាមួយការចូលរួមរស់ជុំគ្នា វិញជាថ្លុងមួយរបស់សមាជិកសមាជិកាទាំងអស់ នាឱកាសនេះ។

លោកបានបញ្ជាក់ទៀតថា «យើងចូលគណបក្សប្រជាជន តើយើងប្រកាន់គោលការណ៍អ្វីខ្លះ? មកពីការស្រលាញ់ចូលចិត្ត ជឿជាក់ ការពារ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជន ហើយនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់អាណាត់ទី៧ បន្តទៀត ហើយសូមអញ្ជើញសមាជិក សមាជិកាទៅបាះឆ្នោតគាំទ្រសម្ដេច គាំទ្រគណបក្សប្រជាជនឱ្យបានទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣»។

អ្នកឧកញ៉ា លី សាម៉េត បាននាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ដល់បងប្អូន សមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តក្រចេះ ដែលជានិច្ចជាកាលសម្តេចតែងតែគិតគួសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នា។

អ្នកឧកញ៉ា លី សាម៉េត បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ជាអ្នកមានបុណ្យមានសំណាង មានកុសល លោកពិតជាទេវតាចាប់ជាតិពិតប្រាកដ ទេវតារៀបចំឱ្យលោកមកចាប់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ដើម្បីសង្គ្រោះបងប្អូនកូនក្មួយឱ្យរួចផុតពីទុក្ខវេទនា។

អ្នកឧកញ៉ា លី សាម៉េត បានបន្ថែមថា សម្តេចតេជោ ជាទេវតាចារទុកតម្រូវឱ្យដឹកនាំប្រទេស តម្រូវឱ្យកសាងជាតិ រំដោះជាតិ រំដោះប្រជាពលរដ្ឋពីទុក្ខវេទនា ដូចបងប្អូនបានដឹងហើយ លោកបានសង្រ្គោះប្រជាពលរដ្ឋខ្មែរតាំងពីដល់ ៣លាននាក់ ឥឡូវជិត ១៧លាននាក់ហើយ នេះហើយជាទេវតាពិត ទេវតារស់ ព្រះរស់របស់ប្រជាពលរដ្ឋខ្មែរ៕