(ព្រៃវែង)៖ លោក អ៉ីវ លាង អនុប្រធានក្រុមការងារ ចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយឃុំបឹងព្រះ បានស្នើអាជ្ញាធរពន្លឿនការធ្វើបណ្ណក្រក្រីឱ្យបានលឿន និងសូមវាយតម្លៃឱ្យមានតម្លាភាព ទៅតាមស្ថានភាពជាក់ស្តែងនៃការរស់នៅពិតប្រាកដរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ការស្នើបែបនេះ របស់លោក អ៉ីវ លាង បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្តសម្រាប់ខែមេសា ឆ្នាំ២០២៣ របស់ក្រុមការងារចុះជួយឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ។

នាឱកាសនោះដែរ លោកបានថ្លែងថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅបន្ត និងជំរុញដល់ក្រុមការងារ អនុវត្តផែនការអភិវឌ្ឍ និងសេវាសាធារណៈមូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានដឹកនាំប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺមិនមានការរើសអើងចំពោះប្រជាពលរដ្ឋណាម្នាក់នោះឡើយ បើទោះបីជាពួកគាត់មាននិន្នាការនយោបាយផ្ទុយគ្នាក៏ដោយ ប៉ុន្តែ អ្វីដែលសំខាន់គឺជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោក ណុប ចឹក មេឃុំបឹងព្រះ បានរាយការណ៍សង្ខេបពី សកម្មភាពរបស់ក្រុមការងារទាំងថ្នាក់កណ្តាល និងមូលដ្ឋានដែលបានចុះតាមភូមិ ការឧបត្ថម្ភការងារសង្គមកិច្ច ការងារអភិវឌ្ឍន៍នៅមូលដ្ឋាន ករណីទំនាស់ និងលទ្ធផលដោះស្រាយ ជំរុញធ្វើអត្តសញ្ញាណប័ណ្ណ បញ្ហាប្រឈម និងទិសដៅការងារថ្មីត្រូវអនុវត្តបន្ត។

លោក អ៉ីវ លាង បានថ្លែងអរគុណដល់ក្រុមការងារគ្រប់ផ្នែកគ្រប់ថ្នាក់ដែលបានយកចិត្តទុកអនុវត្តការងារទៅតាមតួនាទីភារកិច្ច ជាពិសេសការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ចំពោះការងារសង្គមកិច្ចក្រុមការងារជួយបានច្រើនហើយក្រុមការងារនៅតែបន្តជួយ ការងារសង្គមកិច្ចពិតជារឿងដ៏មានសារៈខាន់សំខាន់ បើនិយាយមួយបែប ជាអំពើល្អបានធ្វើល្អពិតជួយដល់ដៃអ្នកជួបការលំបាកពិតប្រាកដ។

លោកបានកោតសរសើរ ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងឃុំបឹងព្រះទាំងមូល និងគូសបញ្ជាក់បន្ថែមចំពោះក្រុមការងារតាមភូមិទាំងអស់ដែលចុះសំណេះសំណាលតាមខ្នងផ្ទះមិនត្រឹមតែផ្សារភ្ជាប់ប្រាស្រ័យទាក់ទងគ្នាបង្កើនការសិទ្ធិស្នាលតែប៉ុណ្នឹងនោះទេ គោលបំណងសំខាន់គឺចង់ស្តាប់ និងទទួលបានព័ត៌មានត្រឡប់ពីសុខទុក្ខ បញ្ហាលំបាក ឬការថ្នាំងថ្នាក់ទុកក្នុងចិត្តរបស់ពួកគាត់ ដើម្បីយកជួយសម្រាល ឬមកដោះស្រាយ មិនមែនចេះតែចុះៗនោះទេ។

ឆ្លៀតឱកាសនោះដែរ សម្រាប់បញ្ហាគ្រឿងញៀន លោក អ៉ីវ លាង បានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមសហការ និងរាយការណ៍ មិនអាចពឹងតែប៉ុស្តិ៍ទាំងស្រុងក្តាប់ព័ត៌មានទូទាំងឃុំបាននោះទេ។ឥទ្ធិពលគ្រឿងញៀនវាមិនត្រឹមមានផលអាក្រក់ដល់បុគ្គលជាអ្នកញៀនប៉ុណ្ណោះទេ ថែមទាំងដល់គ្រួសារ អ្នកជុំវិញ ជាពិសេសសង្គមជាតិទៀត។

លោកបានណែនាំដល់ក្រុមការងារថ្នាក់មូលដ្ឋានដែលជាសេនាធិការឱ្យថ្នាក់ជាតិ បន្តពង្រឹង ពង្រីកសមាជិកក្រុមការងារ មូលដ្ឋានរៀបចំអង្គការចាត់តាំង រចនាសម្ព័ន្ធ និងប្រើប្រាស់មន្ត្រីឱ្យស្របតាមជំនាញ ឬនិស្ស័យ ដើម្បីឱ្យការងារធ្វើទៅបានលឿន និងប្រសិទ្ធភាព។ លោកសង្ឃឹមមុតមោះថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្រុមការងារត្រូវដណ្ដើមបានជ័យជំនះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា៕