(ទីក្រុងញូវយ៉ក)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Catarina de Albuquerque នាយកប្រតិបត្តិគណៈកម្មការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា (SWA)។

ក្នុងជំនួបនេះដែរ លោកស្រី Catarina បានថ្លែងអំណរគុណចំពោះលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ និងកោតសរសើរ ចំពោះការដឹកនាំការងាររបស់លោករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស នាពេលកន្លងមក និងជាពិសេសក្នុងការពង្រឹងដំណើរការភាគីពាក់ព័ន្ធក៏ដូចជា ការសហការជាមួយក្រសួងផ្សេងទៀត។

បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកស្រី Catarina ចំពោះការរៀបចំជំនួបពិភាក្សាការងារនេះ និង ដែលបានគូសបញ្ជាក់ពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាង SWA និងក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យទឹក និងអនាម័យ៕