(បន្ទាយមានជ័យ)៖ ​នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានដឹកកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើរៀបចំទុកដាក់ផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដែលបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ និងស្រាលចំនួន២០០ខ្នង ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងនោះដែរ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ ក៏បាននាំយកស័ង្កសីដែលជាអំណោយ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកស្រី សម្រាប់ជួយរុះរើ និងជួសជុសផ្ទះ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់នេះ។

សូមបញ្ជាក់ថា កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជាថ្នាក់លេី ក្រៅពីចូលរួមទប់ស្កាត់ប្រជាពលរដ្ឋ ពលករ លួចឆ្លងដែនចេញចូលខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដេនខ្មែរ-ថៃ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏នៅតែបន្តការយកចិត្តទុកដាក់ចូលរួមសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានចុះជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាកដែលទទួលរងគ្រោះមហន្តរាយផ្សេងៗដូចជា ខ្យល់ព្យុះកន្ត្រាក់ ទឹកជំនន់ ច្រូតស្រូវ។ល។ ជាប្រចាំទាំងនៅជួរមុខ និងនៅផ្នែកខាងក្រោយក្នុងភូមិសាស្រ្តទទួលខុសត្រូវ៕