(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានសម្ដែងនូវការកោតសរសើរ ចំពោះរបកគំហើញពូជស្រូវថ្មី «ចំប៉ីស៧០» និង «កង្រី» ដែលទើបត្រូវបានបង្កាត់ ជាមួយនឹងការស្រាវជ្រាវបច្ចេកទេស និងការដាំដុះ។

ការកោតសរសើរបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមកោតសរសើរ ចំពោះរបកគំហើញពូជស្រូវថ្មី គឺពូជ «ចំប៉ីស៧០» និង ពូជ «កង្រី» ដែលជាស្នាដៃរបស់លោកបណ្ឌិត អ៊ុក ម៉ាការា និងលោកបណ្ឌិត ឃុន លាងហាក់ ដែលខ្ញុំនឹងបំពាក់មេដៃជូន លោកបណ្ឌិតទាំងពីរ»។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចពិតជាមានការសាទរ ជាមួយនឹងការស្រាវជ្រាវបច្ចេកទេសជាបន្ដបន្ទាប់ ដែលផ្សារភ្ជាប់ជាមួយនឹងការស្រាវជ្រាវ និងការដាំដុះ។

សម្តេចតេជោ នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ប្រវិត្ដប្រទេសកម្ពុជា ដោយចាប់ផ្ដើម នៅក្នុងទសវត្សរ៍៨០ ជាការចាប់ផ្តើមយុទ្ធនាការ នៃការប្តូរពូជស្រូវ ហើយការប្ដូរពូជស្រូវថ្មីនេះ សូម្បីតែឪពុករបស់សម្តេច ក៏មានការជំទាស់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការប្ដូរពូជស្រូវថ្មីនេះ គឺចង់កាត់បន្ថយ ការធ្វើពូជស្រូវធ្ងន់ ទៅជាពូជស្រូវស្រាល។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចំពោះពូជស្រូវថ្មី ដែលមានរយៈពេលខ្លីនេះ វាជាសមទ្ធិផលថ្មីមួយ ដែលសម្ដេចគិតថា កម្ពុជាបានឈានមុខមួយ នៅក្នុងការជ្រើសរើស បង្កាត់ពូជខ្លួនឯង និងជាប់ចំណាត់ថ្នាក់ទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការប្រែ ដោយផ្ទេរពីការអភិវឌ្ឍន៍ តាមបែបបើកទូលាយ ទៅកាន់ការអភិវឌ្ឍន៍ តាមបែបស៊ីជម្រៅនេះ គឺជាដំណើរការអនុវត្ដយុទ្ធសាស្ដ្រ ប៉ុន្ដែគ្រាន់តែមិនបានរំលឹកពីវា។

សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបញ្ជីពូជស្រូវថ្មីពីរប្រភេទគឺ «ចំប៉ីស៧០» និង «កង្រី» ដែលទើបត្រូវបានបង្កាត់។

ពូជចំប៉ីស៧០ គឺជាប្រភេទពូជស្រូវស្រាល មានអាយុកាលពី៩៣ ដល់៩៧ថ្ងៃ មានគ្រាប់អង្ករសថ្លា ក្លិនក្រអូបឈ្ងុយ និងផ្តល់ទិន្នផលជាមធ្យម ៣.២ ដល់ ៤.៩តោន/ហិកតា។ ឯពូជកង្រី ក៏ជាប្រភេទពូជស្រូវស្រាលដែរ ប៉ុន្តែមានអាយុកាលកាន់តែខ្លី គឺត្រឹមតែ៧៨ ដល់៨៤ថ្ងៃប៉ុណ្ណោះ ជាស្រូវមិនប្រកាន់រដូវ និងផ្តល់ទិន្នផលជាមធ្យម ៤.៣ ដល់ ៧.១តោន/ហិកតា។

ពូជចំប៉ីស៧០ គឺជាស្នាដៃរបស់លោកបណ្ឌិត អ៊ុក ម៉ាការា អតីតនាយកវិទ្យាស្ថាន CARDI ហើយពូជកង្រី គឺជាស្នាដៃរបស់លោកបណ្ឌិត ឃុន លាងហាក់៕