(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានប្រកាសយ៉ាងច្បាស់លាស់ថា បើទោះបីពិភពលោកជួបនូវការប្រែប្រួលយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនមានការខ្វះខាតស្បៀងនោះឡើយ ដោយក្នុង១ឆ្នាំៗកម្ពុជាសល់ស្រូវរហូតដល់ ៦លានតោន។

សម្តេចតេជោបញ្ជាក់ទៀតថា នៅពេលដែលពិភពលោកជួបប្រទះនូវវិបត្តិស្បៀងអាហារ កម្ពុជាមិនត្រឹមតែធានា បាននូវសន្តិសុខស្បៀងរបស់ខ្លួនពេញលេញនោះទេ ប៉ុន្តែថែមទាំងអាចនាំចេញផលិតផលកសិកម្ម បានជាង ៨លានតោនទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា វិស័យកសិកម្មបានជួយបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច បញ្ចៀសវិបត្តិស្បៀងអាហារ និងអតិផរណាតម្លៃស្បៀង បណ្តាលមកពីវិបត្តិកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន។

ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មិនមែនថាកម្ពុជា គ្មានគោលនយោបាយដឹកនាំ ក្នុងវិស័យកសិកម្មទេ យើងដុតដៃដុតជើងទាំងអស់គ្នាទើបបានមកដល់ពេលនេះ ហើយបើទោះបីជាពិភពលោកប្រែប្រួលយ៉ាងណា តែកម្ពុជាមិនខ្វះអង្ករហូបទេ រឿងនេះគឺជារឿងច្បាស់លាស់របស់យើង ដែលមុននេះយើងធ្លាប់ខ្វះអង្ករ តែពេលនេះមិនអាចខ្វះស្បៀង»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ការដាក់ចេញនូវគោលនយោបាយ «ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករឲ្យបាន១លានតោ​ន» នៅឆ្នាំ២០១០ ដែលបានជំរុញឲ្យកម្ពុជា សម្រេចបាននូវផលិតកម្មស្រូវ គេចចេញពីការខ្វះខាត ទៅជាសល់ស្រូវ បើទោះបីមិនជោគជ័យទៅលើការនាំចេញ ១លានតោន ដោយសារមូលហេតុសត្យានុម័ត និងបញ្ហាទីផ្សារ ក្នុងនោះរួមទាំងតម្រូវការវិនិយោគលើម៉ាស៉ីនកិនស្រូវ ឃ្លាំងស្តុក ទុនបង្វិលជាដើម ធ្វើឲ្យកម្ពុជានាំចេញស្រូវនៅឡើយ។

សម្តេចតេជោបានរំលឹកថា នៅឆ្នាំ២០០២ កម្ពុជានៅខ្វះស្បៀងនៅឡើយ ដោយេពេលនោះកម្ពុជាទទួលជំនួយជាអង្ករពីប្រទេសឥណ្ឌា ២ម៉ឺនតោន ប៉ុន្តែសម្រាប់បច្ចុប្បន្ន កម្ពុជាមិនត្រូវការជំនួយអង្ករពីខាងក្រៅទៀតនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានការពិសោធន៍ពូជស្រូវថ្មីៗ ដែលមានទិន្នផលខ្ពស់ រយៈពេលខ្លី ដើម្បីចែករំលែកដល់បណ្តាប្រទេស ដែលជាមិត្តភក្តិរបស់កម្ពុជា ដូចជាប្រទេសគូបា និងកូឌីវ័រជាដើម ហើយការអភិវឌ្ឍពូជស្រូវត្រូវគិតគូរដល់ការប្រែប្រួលអាកាសធាតុ។

សូមជម្រាបថា ក្នុងឆ្នាំ២០២២ ផលិតកម្មដំណាំ​សម្រេច​បានចំនួន ៣៤.៧១លានតោន ក្នុងនោះដំណាំស្រូវចំនួន ១១.៦២លានតោន ដោយ​មានអតិរេក (សល់) ៦.២៩លានតោន ដំណាំសាកវប្បកម្មចំនួន ៤.៤២លានតោន និង​ដំណំាឧស្សាហកម្មចំនួន ១៨.៦៧លានតោន។

កម្ពុជាបាននាំចេញជាផ្លូវការ នូវផលិតផលកសិកម្ម ដែលមានតម្លៃ​សរុបប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៨.៦លានតោន ទៅ​កាន់​ទិសដៅ ៧៤ប្រទេស កើនឡើង ៧.៨ភាគរយ ធៀបឆ្នាំ២០២១ (៧.៩លានតោន) ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៣៧ពាន់តោន កើនឡើង ៣.២៣ភាគរយ ធៀបឆ្នាំ២០២១ (៦១៧ពាន់តោន) និងកសិផលក្រៅពីស្រូវ​អង្ករសម្រេច​បាន ៥.៧៨លានតោន កើនឡើង ១១.៦% ធៀបឆ្នាំ២០២១ (៥.០១លានតោន)។ ជារួមវិស័យកសិកម្មបានចូលរួមចំណែក ២២.២ភាគរយ ក្នុងផលិតផល សរុបក្នុង​ស្រុក​៕