(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងបណ្តុះបណ្តាលជំនាញស្រប ទៅតាមតម្រូវការទីផ្សារការងារ និងខិតខំពង្រីកនូវឱកាសការងារកាន់តែច្រើនលើគ្រប់វិស័យ ដែលអាចធ្វើទៅបានជូនប្រជាពលរដ្ឋ។

ការថ្លែងរបស់លោកបណ្ឌិត ធ្វើឡើងក្នុងឱកាសអញ្ជើញពិធីសម្ពោធអគារតេជោសែន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាន់ខ្ពស់ និងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។

លោកបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានខិតខំ ក្នុងការពង្រីកឱកាសការងារឲ្យច្រើន គ្រប់វិស័យដែលអាចធ្វើទៅបាន ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើង ប៉ុន្តែរាជរដ្ឋាភិបាលមិនអាចធានា នូវការពង្រីកទីផ្សារការងារ សម្រាប់គ្រប់ជំនាញ ឬគ្រប់អ្វីដែលបងប្អូនចង់បាននោះទេ ព្រោះមានច្រើនជំនាញ យើងមិនអាចទៅបង្ខំអតិថិជន ឲ្យស្រឡាញ់នូវអ្វីដែលយើងធ្វើ។ ឱកាសទីផ្សារអាស្រ័យ ទៅលើចំណង់ចំណូលចិត្តនៃអតិថិជន។ ឧទាហរណ៍បើយើងផលិតក្រូច ទីផ្សារត្រូវការផ្លែប៉ម តើទៅបង្ខំឲ្យគេចូលចិត្តផ្លែក្រូចយ៉ាងម៉េច អីចឹងយើងត្រូវខិតខំពង្រីកឲ្យគ្រប់វិស័យ។ ប៉ុន្តែរាជរដ្ឋាភិបាលអាចផ្តល់បានជូនគាត់ ទី១ សិទ្ធិស្របច្បាប់ ក្នុងការរៀនសូត្រនូវអ្វីដែលគាត់ចូលចិត្ត ។ ទី២ គឺឱកាស និងជម្រើសសម្រាប់ប្រជាពលរដ្ឋទាំងអស់ ក្នុងការរៀនសូត្រលើអ្វីដែលគាត់ចង់បាន។ ទី៣ ធានានូវសិទ្ធិនៃការប្រកបរបរដែលប្រជាជនចង់បាន»

លោកបណ្ឌិតបានលើកឡើងទៀតថា នៅលើពិភពលោកនេះ អ្នកមានច្រើនណាស់ដែលទទួលបានជោគជ័យ ក្នុងការចាប់ផ្តើមបង្កើតថ្មី ដូចជា​ Facebook, TikTok, Alibaba ជាដើម ដែលចាប់ផ្តើមពីចំណុចតូចរហូតដល់ក្លាយជាក្រុមហ៊ុនដ៏ធំ មានចំណូលរាប់ពាន់លានដុល្លារ។

ពាក់ព័ន្ធករណីអ្នកច្នៃម៉ូតសម្លៀកបំពាក់ លោក ឯម រៀម, លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញអារម្មណ៍មិនចង់ឃើញការបញ្ចេញមតិ ដែលនាំឲ្យមានការឈ្លោះប្រកែកគ្នា ឈានដល់ការជេរប្រទិចគ្នាហួសព្រំដែនវប្បធម៌ខ្មែរ។

លោកបណ្ឌិតបន្ថែមថា លោក ឯម រៀម ជាអ្នកច្នៃម៉ូតបែបស្រមើសម្រៃ ដែលក្នុងហាងផ្សេងៗមិនមានឡើយ ដូច្នេះសួរថារាជរដ្ឋាភិបាល ត្រូវទៅរកទីផ្សារឲ្យគាត់ដែរទេ គឺគ្មានទេ ប៉ុន្តែរាជរដ្ឋាភិបាលអាចផ្តល់ឱកាសឲ្យគាត់ ក្នុងការច្នៃម៉ូតប្លែកៗ ដោយស្របច្បាប់។

លោកបន្តថា វប្បធម៌ប្រពៃណី ត្រូវមានការអភិវឌ្ឍ និងអភិរក្ស តែការអភិវឌ្ឍ និងអភិរក្ស ដោយធ្វើយ៉ាងណារក្សានូវតម្លៃ និងអត្តសញ្ញាណរបស់ជាតិខ្មែរ៕