(ភ្នំពេញ)៖ គណៈឱសថការីកម្ពុជាបានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជិកាឱសថការីតាមអនឡាញ (RMS) ជាផ្លូវការ ដែលផ្ដល់ភាពងាយស្រួលច្រើនដល់ឱសថការីទូទាំងប្រទេសក្នុងការចុះបញ្ជិកា និងចូលរួមទប់ស្កាត់អ្នកដែលក្លែងបន្លំធ្វើជាឱសថការី ដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។

ការប្រកាសដំណើរការប្រព័ន្ធចុះបញ្ជិកាឱសថការីតាមអនឡាញ RMS នេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រព័ន្ធចុះបញ្ជិការអនឡាញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

លោក បាន បុត្តា ប្រធានគណៈឱសថជាតិកម្ពុជា បានឱ្យដឹងថា សិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជិការអនឡាញ RMS របស់គណៈឱសថការីកម្ពុជា ចាប់ពីឆ្នាំ២០២៣នេះតទៅ និងដើម្បីឱ្យមន្ត្រីអនុវត្តបានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តប្រព័ន្ធចុះបញ្ជិកាអនឡាញនេះ និងផ្សព្វផ្សាយបញ្ជ្រាបដល់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រទាំងអស់ឱ្យចូលទៅចុះបញ្ជិកា មុនស្នើសុំអាជ្ញាបណ្ណយកទៅប្រកបការងារ។

លោក បាន បុត្តា បានបន្តថា ប្រព័ន្ធចុះបញ្ជិកាឱសថការីតាមអនឡាញនេះដែរ គឺជួយសម្រួលដល់ឱសថការីទូទាំងប្រទេសឱ្យទទួលភាពងាយស្រួល ចំណេញពេលវេលានិងថវិកា និងមានភាពឆាប់រហ័សជាងមុន ដោយកន្លងមករាល់ការចុះបញ្ជិកាឱសថការីត្រូវមកធ្វើដោយផ្ទាល់នៅគណៈឱសថការីកម្ពុជា រាជធានីភ្នំពេញ។

ប្រធានគណៈឱសថជាតិកម្ពុជាបានបញ្ជាក់ថា ដើម្បីអាចចុះបញ្ជិកាឱសថការីកម្ពុជាបាន អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវតែមានគុណវុឌ្ឍសំខាន់ៗមួយចំនួន ដូចជា៖

* អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវបញ្ចប់ការសិក្សាបញ្ញាបត្រឱសថសាស្ត្រពីមហាវិទ្យាល័យ និងត្រូវមានសញ្ញាបត្រដែលទទួលស្គាល់ត្រឹមត្រូវពីក្រសួងសុខាភិបាល ឬក្រសួងអប់រំ យុវជន និងកីឡា ឬក៏មហាវិទ្យាល័យនៅក្រៅប្រទេសជាដើម។

* អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវមានសមត្ថភាព ឬគុណវុឌ្ឍគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈជាឱសថការី។

* អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវមានសុខភាពល្អ ពោលគឺត្រូវមានកាយសម្បទាគ្រប់គ្រាន់ គ្មានជំងឺ។

* អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវតែមិនមែនជាអ្នកជាប់ទោសទណ្ឌ ឬមានមែនជាពិរុទ្ធជន។

លោកប្រធានបន្តទៀតថា ការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជិកាឱសថការីនេះ គឺធ្វើឱ្យគណៈឱសថការីកម្ពុជាងាយស្រួលក្នុងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ ងាយស្រួលក្នុងការធ្វើរបាយការណ៍ និងការបញ្ជូន-ទទួលព័ត៌មានផ្សេងៗ។ ប្រព័ន្ធនេះក៏នឹងផ្ដល់ភាពប្រាកដប្រជាថាអ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ គឺសុទ្ធតែជាអ្នកមានគុណវុឌ្ឍិ ទទួលការបណ្ដុះបណ្ដាលថ្នាក់មហាវិទ្យាល័យ ឬកម្រិតលើសពីនេះ មានសញ្ញាបត្រត្រឹមត្រូវនិងច្បាស់លាស់។ អ្វីដែលសំខាន់ទៀតនោះ គឺដើម្បីរារាំងទប់ស្កាត់អ្នកដែលក្លែងបន្លំធ្វើជាឱសថការី ឬបន្លំសញ្ញាបត្រ ដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។

លោក បាន បុត្តា បានបញ្ជាក់ដែរថា «មុននឹងឱសថការីទាំងនោះស្នើសុំអាជ្ញាបណ្ណពីក្រសួងសុខាភិបាល ដាច់ខាតត្រូវចុះបញ្ជិកាឱសថការីជាមុនសិន ដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាពសាធារណៈ ពិសេសដើម្បីពង្រឹងគុណភាព សុវត្ថិភាព ប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ នេះជាលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់»

គួរជម្រាបថា ដំណើការរៀបចំប្រព័ន្ធចុះបញ្ជិកាឱសថការីតាមអនឡាញនេះ គឺមានការចូលរួមរៀបចំពីក្រសួងសុខាភិបាល គណៈឱសថការីកម្ពុជា មន្ត្រីឱសថការីថ្នាក់ជាតិ-ក្រោមជាតិ ព្រមទាំងមានការផ្ដល់នូវបច្ចេកទេសនិងថវិកាពីគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពរបស់ទីភ្នាក់ងារ USAID (ហៅកាត់ USAID-EQHA) តាមរយៈអង្គការ FHI360 ផងដែរ។

លោកស្រី ប្រាក់ ម៉ានីឡា អ្នកគ្រប់គ្រងគម្រោង USAID-EQHA បានឱ្យដឹងថា តាមរយៈការងារនេះក៏នឹងជួយពង្រឹងសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឱ្យកាន់តែមានគុណភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។

លោកស្រី លីសាដូឡាន ប្រេនតុន (Lisa Dolan Branton) ក៏បានបង្ហាញពីគោលបំណងរបស់ RMS ដែរថា គឺធានាការផ្ដល់សេវាថែទាំសុខភាពរបស់អ្នកពេទ្យទាំងអស់ឱ្យកាន់តែមានគុណភាព និងសុវត្ថិភាព ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋទូទាំងប្រទេស៕