(កំពង់ចាម)៖ លោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈសិក្សា នៅសាលានគរបាលភូមិភាគ២ ស្ថិតក្នុងស្រុកព្រៃឈរ ខេត្ដកំពង់ចាម គឺសំដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកម្លាំងកងនគរបាល ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសលោកអញ្ជើញជាតំណាង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យវឌ្ឍនភាព នៃការស្ថាបនាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងជួបសំណេះសំណាលសួរសុខទុក្ខសិស្សនគរបាល ជំនាន់ទី១៧ នៅសាលានគរបាលភូមិភាគ២ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

លោកបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភា និងសាលានគរបាលភូមិភាគនីមួយៗ បានធ្វើកំណែទម្រង់លើការងារសំខាន់ៗ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារ:សិក្សា ការពង្រឹងវិន័យ និងការកសាងវប្បធម៌គុណភាព សំដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ឲ្យឆ្លើយតបទៅនឹងតម្រូវការអង្គភាពសាមី ព្រមទាំងស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកសន្តិបណ្ឌិត ចាន់ អ៊ាន បានយកឱកាសនោះ ថ្លែងកោតសរសើរ និងអរគុណគណៈគ្រប់គ្រងសាលានគរបាលជាតិភូមិភាគ២ និងគ្រូនគរបាល ដែលខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចទទួលខុសត្រូវ និងការបង្ហាត់បង្រៀនបានល្អ ព្រមទាំងកោតសរសើរសិស្សនគរបាលទាំងអស់ ដែលបានប្រឹងប្រែងរៀនសូត្រ ហ្វឹកហាត់ និងគោរពវិន័យបានល្អផងដែរ ដើម្បីក្លាយជាមន្ត្រីនគរបាល ដែលមានលក្ខណសម្បត្តិសមស្របក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។

លោកសន្តិបណ្ឌិត ចាន់ អ៊ាន ក៏បានផ្តាំផ្ញើ និងផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភា ត្រូវបន្តអនុវត្តភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត និងប្រកាន់ខ្ជាប់ «វប្បធម៌គុណ» សិស្សនគរបាលគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់រៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្តែង គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឲ្យចេះ មិនមែនរៀនឲ្យចប់នោះទេ» ជាពិសេសត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ និងត្រូវមានអត្តចរិកល្អ ដើម្បីក្លាយជាមន្ត្រីនគរបាលគំរូ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ពេលចេញទៅបំពេញភារកិច្ចនៅតាមអង្គភាពសាមីវិញ ក្រោយពេលបញ្ចប់ការសិក្សា៕