(ភ្នំពេញ)៖ រសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសន្និបាតបូកសរុប​ការ​ងារ​ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២៣។ សន្និបាតដែលធ្វើឡើងរយៈពេល៤ថ្ងៃនេះ មានការអញ្ជើញ​ចូល​រួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥រាជធានី-ខេត្ត វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ និងកសិករផងដែរ។

សន្និបាតបានបើកការជជែកពិភាក្សាយ៉ាងផុសផុល ដោយពិនិត្យលើសមិទ្ធ​ផល​​សម្រេច​បានក្នុងឆ្នាំចាស់ លើកបញ្ហាប្រឈម ព្រមទាំងដាក់ចេញ​ផែន​ការសម្រាប់ឆ្នាំថ្មី។ ជាពិសេសជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែ​ល្អប្រសើរ​ថែមទៀត។

ថ្លែងក្នុងថ្ងៃបើកសន្និបាទ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សន្និបាតនេះ ជាការចូលរួមសមូហភាពពីថ្នាក់ដឹកនាំ វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ កសិករ រួមគ្នាកំណត់ទិសដៅកសិកម្ម ដោយមិនគ្រាន់តែ​ជាការ​បូក​សរុបនោះទេ។ ការបូកសរុបទៀតសោត គឺត្រូវចេញជាលទ្ធផលស្តាប់បាន យល់បាន និងចាំបាន ដោយឱ្យសាធារណជនដឹងពីសមិទ្ធផលក្រសួងសម្រេចបាន និងចូលរួមអបអរសាទរ។

លោករដ្ឋមន្ត្រី ក៏បានបានណែនាំ និងឱ្យយកចិត្តទុកដាក់លើកិច្ចពិភាក្សា ដោយផ្តោតលើចំណុចគន្លឹះមួយចំនួន។ ក្នុងនោះត្រូវផ្តោតលើការអភិវឌ្ឍធនធានទាំងក្នុង និងក្រៅក្រសួង ដើម្បីទទួលបានធនធានប្រកបដោយសក្តានុពលពិតប្រាកដ។ ជាមួយគ្នានេះដែរ ត្រូវជំរុញការស្រាវជ្រាវបច្ចេកទេស ដើម្បីអភិវឌ្ឍវិស័យកសិកម្មដោយត្រូវគិតពីការបន្ថយចំណាយ បង្កើនផលចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ច ដោយមិនប្រកួតប្រជែងបរិមាណតែគិតពីគុណភាពជាសំខាន់។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើសហគមន៍កសិកម្ម ដោយផ្តល់ការគាំទ្រទាំងបច្ចេកទេសនិងសេដ្ឋកិច្ច ក្នុងការចងក្រងសហគមន៍និងមានក្បាលម៉ាស៊ីនដឹកនាំឱ្យបានល្អក្នុងខ្សែច្រវាក់ផលិតកម្មតាំងពីអ្នកផលិតរហូតទីផ្សារ ដោយក្នុងនោះត្រូវធ្វើការកំណត់ទីផ្សារ និងមានផែនការផលិតច្បាស់លាស់តាមកិច្ចសន្យា។ ការងារនេះ ក៏នឹងជួយដល់កសិករដែលមិនទាន់មានទីផ្សារ គ្មានខ្សែបណ្តាញផងដែរ។

វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ទ្រទង់ដល់ការរស់នៅ និងជំរុញសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំ ដែលប្រែក្លាយកម្ពុជាពីប្រទេសខ្វះការហូបចុកក្រោយរំដោះចេញពីរបបខ្មែរក្រហម មកជាប្រទេសសល់ស្រូវនាពេលបច្ចុប្បន្ន គឺតែងតែអញ្ជើញជាអធិបតីក្នុងពិធីបូក​សរុបការងារប្រចាំឆ្នាំរបស់ក្រសួង។

សម្តេចតេជោនាយករដ្ឋមន្ត្រី តែងយកឱកាសនេះធ្វើការក្រើនរំលឹក និងដាក់ចេញនូវ​អនុសាសន៍មួយចំនួន ដើម្បីជំរុញលើការងារកសិកម្ម។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសរំលេចថា ឆ្នាំ២០២២កន្លងទៅ ក្រសួងសម្រេចបាននូវការងារប្រកបដោយមោទនភាពជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោក ឌិត ទីណា បានឱ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅ ផលិតកម្មដំណាំ​សម្រេច​បានចំនួន ៣៤.៧១លានតោន ក្នុងនោះដំណាំស្រូវចំនួន ១១.៦២លានតោន ដោយ​មានអតិរេក (សល់) ៦.២៩លានតោន ដំណាំសាកវប្បកម្មចំនួន ៤.៤២លានតោន និង​ដំណំាឧស្សាហកម្មចំនួន ១៨.៦៧លានតោន។

លោករដ្ឋមន្ត្រីបន្តថា កម្ពុជាបាននាំចេញជាផ្លូវការនូវផលិតផលកសិកម្ម ដែលមានតម្លៃ​សរុបប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៨.៦លានតោន ទៅ​កាន់​ទិសដៅ ៧៤ប្រទេស កើនឡើង ៧.៨ភាគរយ ធៀបឆ្នាំ២០២១ (៧.៩លានតោន) ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៣៧ពាន់តោន កើនឡើង ៣.២៣ភាគរយ ធៀបឆ្នាំ២០២១ (៦១៧ពាន់តោន) និងកសិផលក្រៅពីស្រូវ​អង្ករសម្រេច​បាន ៥.៧៨លានតោន កើនឡើង ១១.៦% ធៀបឆ្នាំ២០២១ (៥.០១លានតោន)។ ជារួមវិស័យកសិកម្មបានចូលរួមចំណែក ២២.២ភាគរយ ក្នុងផលិតផល សរុបក្នុង​ស្រុក​។

ក្រសួង បានចុះបញ្ជីពូជស្រូវថ្មីពីរប្រភេទគឺ ចំប៉ីស៧០ និងកង្រី ដែលទើបត្រូវបាន​បង្កាត់។ ពូជចំប៉ីស៧០ គឺជាប្រភេទពូជស្រូវស្រាល មានអាយុកាលពី៩៣ ដល់ ៩៧​ថ្ងៃ មានគ្រាប់អង្ករសថ្លា ក្លិនក្រអូបឈ្ងុយ និងផ្តល់ទិន្នផលជាមធ្យម ៣.២ ដល់​ ៤.៩តោន/ហិកតា។ ឯពូជកង្រី ក៏ជាប្រភេទពូជស្រូវស្រាលដែរ ប៉ុន្តែមានអាយុ​កាល​កាន់​តែខ្លី គឺត្រឹមតែ ៧៨ ដល់ ៨៤ថ្ងៃប៉ុណ្ណោះ ជាស្រូវមិនប្រកាន់រដូវ និងផ្តល់ទិន្នផលជាមធ្យម ៤.៣ ដល់ ៧.១តោន/ហិកតា។

ពូជចំប៉ីស៧០ គឺជាស្នាដៃរបស់លោកបណ្ឌិត អ៊ុក ម៉ាការា អតីតនាយកវិទ្យាស្ថាន CARDI ហើយពូជកង្រី គឺជាស្នាដៃរបស់លោកបណ្ឌិត ឃុន លាងហាក់។
ផលិតផលកៅស៊ូសម្រេចបានចំនួន ៣៨២ពាន់តោន កើនឡើង ៣.៨ភាគរយ ធៀបឆ្នាំ២០២១។ ការនាំចេញកៅស៊ូ សម្រេចបានជាង ៣៧២ពាន់តោន គិតជាទឹកប្រាក់ចំនួន ៥២៧.៧៧លានដុល្លារអាមេរិក កើនឡើង ១.៨១ភាគរយ ធៀបឆ្នាំ​២០២១។

វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា បង្កើតបានក្លូនកៅស៊ូចំនួន២ប្រភេទ (G12 និងG19) ដែលក្លូនទាំងពីរ មានសក្តានុពលផ្តល់ជ័រខ្ពស់ លើសពូជធម្មតាប្រហែល៣០ភាគរយ។ ក្លូនទាំងពីរកំពុងត្រូវអង្កេត និងវាយតម្លៃពីគុណភាពក្នុងរយៈពេលវែង មុននឹងដាក់ឱ្យ​ប្រើ​ប្រាស់នៅឆ្នាំខាងមុខ។ ក្រសួងក៏បានជំរុញឱ្យមានការអភិរក្ស និងព្យាបាលដើម​កៅ​ស៊ូ​ចាស់ៗដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងឱ្យបានល្អ និងជំរុញឱ្យវិទ្យាស្ថានពង្រីកការផលិតពូជកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះ តាមតម្រូវការជាក់ស្តែងនៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វនៅតែ​បន្ត​ធានាបានការផ្គត់ផ្គង់សាច់ និងផលិតផលសត្វ សម្រាប់ បំពេញតម្រូវការរបស់ប្រជា​ពល​រដ្ឋ។ ក្នុងឆ្នាំ២០២២ ផលិតកម្មសត្វសរុបសម្រេចបាន ៦៥.២០លានក្បាល កើនឡើង ៨.៨ភាគរយ ធៀបឆ្នាំ២០២១ ក្នុងនោះ ការចិញ្ចឹមលក្ខណៈពាណិជ្ជកម្មបានកើនឡើងដល់ ៤១ភាគរយ ស្មើនឹង ២៦.៥៦លាន​ក្បាល។ ពាក់ព័ន្ធការងារសុខភាពសត្វ ក្រសួងបានបន្តពង្រឹងសេវាចាក់​ថ្នាំការពារជំងឺឆ្លងសត្វ និងព្យាបាលជំងឺសត្វជូនប្រជាជន និងគ្រប់គ្រងជំងឺឆ្លងសត្វបានល្អប្រសើរ ដោយបានទប់ស្កាត់ការផ្ទុះឡើងជាថ្មីនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក តាមរយៈការពង្រឹងការឃ្លាំមើល និងការឆ្លើយតបបានទាន់ពេលវេលា។

ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាពត្រូវបានជំរុញ ដើម្បីធានាបាននូវការផ្គត់ផ្គង់ កាត់បន្ថយការនាំចូល និងរក្សា បានតុល្យភាពតម្លៃទីផ្សារ។ ផលនេសាទ និងវារីវប្បកម្មសម្រេចបានជាង ៨៦២ពាន់តោន ក្នុងឆ្នាំ២០២២ កើនឡើង ០.៦៨ភាគរយ ធៀបឆ្នាំ២០២១។ តបតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួង បានបង្កើន និងពង្រឹងកិច្ចសហការជាមួយ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ និងធនធានជលផល។ ជាលទ្ធផល នៅបឹងទន្លេសាប បទល្មើសនេសាទទ្រង់ទ្រាយធំដែល បំផ្លាញធនធានជលផល ដូចជា អួនអូសទឹកសាប អួសអូសឆក់ និងឈិបយន្ត ត្រូវបានបង្ក្រាបស្ទើរទាំងស្រុង។

ទន្ទឹមនេះ តាមអនុសាសន៍ក្រើនរម្លឹករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ ដែលមានការចូលរួមពីរដ្ឋបាលខេត្ត កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន បានពង្រឹងការល្បាតជាប់ជាប្រចាំក្នុងកន្លែងអភិរក្ស និងការពារសត្វផ្សោតមិនឱ្យមានគ្រោះថ្នាក់សារជាថ្មី។ ក្រុមឆ្មាំទន្លេបានទទួលឧបករណ៍សម្ភារៈចាំបាច់សម្រាប់អនុវត្តការងារ ដូចជា កាណូត ម៉ាស៊ីនកាណូត ពិលឆ្លុះពេលយប់ និងប្រព័ន្ធវិទ្យុទាក់ទង ព្រមទាំងការលើកទឹកចិត្តយ៉ាងស្រួចស្រាល់។

រាជរដ្ឋាភិបាលក៏បានឯកភាព លើការកែសម្រួលអនុក្រឹត្យស្តីពីការគ្រប់គ្រង និងអភិរក្សសត្វផ្សោតផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិរក្ស។ មកទល់ពេលនេះ សត្វផ្សោតសរុបមានចំនួនប្រមាណ ៩១ក្បាល និងមានកូនកើតថ្មី ១ក្បាល កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប៉ុន្តែជាអកុសល បានស្លាប់មួយក្បាលដោយសារជាប់មង កាលពីថ្ងៃទី១៩ ខែមីនាថ្មីៗនេះ។ នេះគឺការស្លាប់ករណីទីមួយ ក្នុងឆ្នាំ២០២៣នេះ ក្រោយពីក្រសួង រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង និងអង្គការ WWF បានរួមសហការគ្នាបង្កើន និងពង្រឹងការការពារសត្វផ្សោត។ ការស្លាប់នេះបញ្ជាក់ថា ការយល់ដឹង ការផ្តល់តម្លៃ និងការចូលរួមឱ្យបានកាន់តែទូលំទូលាយរបស់បងប្អូនប្រជានេសាទនៅតំបន់មានសត្វផ្សោតរស់នៅ គឺជាកត្តាគន្លឹះដើម្បីរួមគ្នាថែរក្សាការពារ សត្វផ្សោតទន្លេមេគង្គទន្លេ​មេគង្គ​ដែលជារតនៈសម្បត្តិរបស់ជាតិ។

ជាមួយគ្នានេះ ក្រសួង ក៏បានពង្រឹងការអភិរក្សធនធានជលផល នៅតំបន់សមុទ្រ​ផង​ដែរ។ នៅខេត្តកែប សមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានចុះ​បង្ក្រាបការប្រើអួនអូសឆក់បានជាច្រើនករណី ហើយអ្នកផ្សេងទៀត ដែលប្រើឧបករណ៍​នេះ បានស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ចផងដែរ។ បច្ចុប្បន្នក្នុងខេត្តកែបពុំមាន ការប្រើ​អួន​អូសឆក់ទៀតទេ ដែលធ្វើឱ្យគេឃើញមានវត្តមានហ្វូងសត្វផ្សោតសមុទ្រ និងជ្រូក​ទឹក​ចូលមកលេងនៅក្នុងដែនសមុទ្រយើងជាញឹកញាប់។

ពាក់ព័ន្ធនឹងអនុវិស័យព្រៃឈើ ក្រសួងបានសហការជាមួយស្ថាប័នស្រាវ​ជ្រាវ​ជាតិ-​អន្តរជាតិ និងបានកត់ត្រា ឃើញនូវប្រភេទរុក្ខជាតិ និងសត្វព្រៃថ្មីៗមួយចំនួនថែមទៀត ដូចជា កេសរកូល ២៥ប្រភេទ, រុក្ខជាតិផ្សេងៗ ៤៥០ប្រភេទ, ថនិកសត្វតូចៗ និងប្រចៀវ-ជ្រឹង ៧៩ប្រភេទ, បក្សី ១០៨ប្រភេទ, ឧរង្គសត្វ (ល្មូន) ២៥ប្រភេទ, ថលជលិកសត្វ (សត្វរស់ក្នុងទឹក និងលើគោកបាន) ២៥ប្រភេទ និងបាណកសត្វ និងសត្វឥតឆ្អឹងកង (សត្វល្អិត) ១៥០ប្រភេទ។

ទន្ទឹមនេះ ក្រសួងមានកិច្ចសហការល្អប្រសើរជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើនការការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឈូសឆាយទន្រ្ទានដីព្រៃរបស់រដ្ឋ។ ក្រសួងនឹងពង្រឹងកិច្ចសហការដើម្បីការពារធនធានព្រៃឈើ និងដីព្រៃរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដោយធ្វើការបែងចែកឱ្យដាច់ពីគ្នារវាងប្រជាជនដែលគ្មានដី និងជនខិលខូចដែលទន្ទ្រានដីរដ្ឋ។ អ្នកគ្មានដីនឹងទទួលបានដី សម្បទានសង្គមកិច្ច ហើយជនខិលខូចដែលទន្ទ្រានដីរដ្ឋនឹងត្រូវប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ តាមរយៈយន្តការ រដ្ឋបាល បណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការ។ ក្រសួងចង់លុបបំបាត់ពាក្យដែលគេនិយាយតៗគ្នា ថា៖ «ឈ្នះបានដី ចាញ់បានលុយ» មកជាពាក្យថា៖ «អ្នកសុច្ចរិតបានដី អ្នកខិលខូចបានទោស»។

ចំពោះការងារគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ក្រសួងបានត្រួតពិនិត្យការអនុវត្តរបស់ក្រុមហ៊ុននៅទូទាំងប្រទេស ជួយដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអនុវត្តតាមផែនការកំណត់។ ជាមួយគ្នានេះ ការវាយតម្លៃពីលទ្ធភាពជាក់ស្តែងក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុនមួយចំនួនដែលមានវឌ្ឍនភាពតិចតួច ក៏នឹងឈានទៅដល់ការស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីនិរាករណ៍គម្រោង និងប្រគល់ឱ្យទៅក្រុមហ៊ុនផ្សេងដែលមានសមត្ថភាពពិតប្រាកដទទួលអនុវត្តបន្ត ដោយមិនបង្កើត ដីសម្បទានសេដ្ឋកិច្ចថ្មីទៀតឡើយ។

ពាក់ព័ន្ធនឹងការងារនីតិកម្ម ក្រសួងបានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ និងជលផល និងបានដាក់ឆ្លងកិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានចំនួន២លើក។ បច្ចុប្បន្ន ក្រសួង កំពុងបន្តពិភាក្សា និងកែសម្រួលសេចក្តីព្រាងច្បាប់ទាំងពីរនេះជាមួយក្រសួងយុត្តិធម៌ មុននឹងរៀបចំបញ្ជូនទៅទីស្តីការ គណៈរដ្ឋមន្រ្តីដើម្បីបន្តនីតិវិធី។ លើសពីនេះ ក្រសួងក៏បាននិងកំពុងជំរុញការត្រួតពិនិត្យ និងកែសម្រួលឡើងវិញនូវលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់នានា ឱ្យស្របតាមស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងនយោបាយ។

ដោយឡែក ក្រសួងបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើបច្ចុប្បន្ន ដើម្បីអនុញ្ញាតឱ្យប្រជាជន ជាពិសេសអ្នកស្រឡាញ់សត្វពិតប្រាកដ អាចចិញ្ចឹមសត្វព្រៃមួយចំនួនជាលក្ខណៈគ្រួសារបាន ស្របតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។

ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងក៏បាននិងកំពុងពិនិត្យឡើងវិញលើខ្លឹមសារកិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងវិស័យកសិកម្ម ទាំងទ្វេភាគី និងពហុភាគី ដើម្បីបង្កើនភាពជាម្ចាស់នៃការរៀបចំ និងអនុវត្តគម្រោង និងធានាឱ្យមានប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាព ក្រោយពេលគម្រោងត្រូវបានបញ្ចប់។

លោករដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ បង្កើនការនាំចេញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងវិបត្តិសកលក៏ដោយ៕