(ភ្នំពេញ)៖ លោក វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសដូមីនីក បានអះអាងថា ប្រទេសរបស់លោក ចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយកម្ពុជា ជាពិសេសវិស័យកសិកម្ម។

នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសដូមីនីក ដឹកនាំគណៈប្រតិភូចូលជួប​សម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន។

លោករដ្ឋមន្ត្រី បានសម្តែងនូវការគោរពចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា​ ប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកបានបញ្ជាក់ថា ទស្សនកិច្ចរបស់លោកពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈក្រមខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសតាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងនេសាទ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើទិដ្ឋាការ ដែលនេះជាការចាប់ផ្តើមដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសពីរ។

សម្តេចក៏បានស្វាគមន៍ផងដែរចំពោះបំណងរបស់ លោករដ្ឋមន្ត្រី ដែលចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ សម្តេចក៏បានស្នើដល់លោករដ្ឋមន្ត្រីឱ្យពិនិត្យលទ្ធភាព ក្នុងការពង្រីងកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ជាដើម៕