(រតនគិរី)៖ ជនមានពិការក្រីក្រនៅតាមសហគមន៍ ក្នុងខេត្តរតនគិរី ៥០០នាក់ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានទទួលបានប្រាក់របបគោលនយោបាយឆ្នាំ២០២២ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី។

ពិធីនេះដែរបានធ្វើឡើងនៅសាលមហោស្រពរតនៈ ក្រោមអធិបតីភាពលោក ងិន ណែល អភិបាលខេត្តរតនៈគិរីស្តីទី និងមានការចូលរួមពីលោកស្រី ចក់ មើល សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សាន់ រតនា ប្រធាននាយកដ្ឋានសុខមាលភាពជនពិការនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងមានជនមានពិការភាពជាច្រើននាក់ទៀតផងដែរ។

លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី បានលើកឡើងថា ការបើកផ្តល់ប្រាក់គោលនយោបាយចំពោះជនពិការក្រីក្រនាពេលនេះ មានចំនួន ៥០០នាក់ (ស្រី២៦១នាក់) ក្នុងនោះជនមានពិការភាពដែលត្រូវទទួលប្រាក់ឧបត្ថម្ភ ១២ខែចំនួន ២៣២នាក់ និង ៦ខែ ចំនួន ៦៦៨នាក់ មកពីមសហគមន៍ក្នុងក្រុង ស្រុកចំនួន ៣ គឺក្រុងបានលុង ស្រុកអូរជុំ និងស្រុកលំផាត់ ស្មើនិងថវិកាចំនួន ៨៧,៨៤០,០០០រៀល។

នៅក្នុងឱកាសនេះ លោក សាន់ រតនា បានឱ្យដឹងដែរថា ជាអាទិភាពគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាល គឺការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខជាតិ ដែលជាបុរេ លក្ខខណ្ឌដ៏ចាំបាច់ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងអនុញ្ញាតឱ្យកម្ពុជាងើបឡើងវិញក្នុងគោលបំណងកសាងធនធានមនុស្ស និងលើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់ប្រជាជន។

លោក សាន់ រតនា បានឱ្យដឹងទៀតថា ក្នុងបរិបទនេះរាជរដ្ឋាភិបាលទទួលស្គាល់ថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមគឺជាកត្តាដ៏សំខាន់ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយសមភាព និងបរិយាប័ន្ន។ ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះសន្តិសុខ ប្រាក់ចំណូលរបស់ប្រជាជន រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យរយៈពេលវែង សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺការកសាងប្រព័ន្ធគាំពារសង្គមដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច។

នាឱកាសនោះដែរលោក ងិន ណែល ក៏បានសម្ដែងការកោតសរសើរចំពោះគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយថ្នាក់ជាតិ ពិសេសមន្ទីសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែល បានរួមសហការគ្នាអនុវត្តការងារគោលនយោយដោយចំពោះជនពិការក្រីក្រយនៅតាមសហគមន៍ដែលនេះ ដែលជាសក្ខីភាពបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាពជនពិការ ជាក្រុមជនងាយរងគ្រោះ ដែលកំពុងទទួលបាននូវការលើកកម្ពស់តួនាទី ផលប្រយោជន៍ ការការពារសិទ្ធិ និងត្រូវការជាចាំបាច់នូវការជួយឧបត្ថម្ភគាំទ្រទាំងជីវភាព ស្មារតី និងសម្ភារៈពីមជ្ឈដ្ឋានអង្គការដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន តែងតែគិតគូរគ្រប់មុខសញ្ញាជនងាយរងគ្រោះទាំងអស់ពិសេសជនមានពិការភាព។

លោកអភិបាលខេត្តស្តីទី បានបន្តថា ក្នុងអាណត្តិនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានផ្តោតសំខាន់ទៅលើយុទ្ធសាស្រ្ត គាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានាឱ្យបងប្អូនទទួលបាននូវផលប្រយោជន៍ពីសំណាញ់សុវត្ថិភាពសង្គម និងរបបសន្តិសុខសង្គមបានកាន់តែល្អប្រសើរឡើង។

លោកបានបន្ថែមថា នៅចំពោះមុខរដ្ឋបាលខេត្ត នឹងបន្តពង្រឹងសកម្មភាពយន្តការដែលមានស្រាប់ ហើយសហការពង្រីកបន្ថែមនូវកិច្ចអន្តរាគមន៍ ក្នុងការផ្តល់សេវាសង្គមកិច្ច និងកម្មវិធីសង្គ្រោះបន្ទាន់ឱ្យកាន់តែទូលំទូលាយ ពិសេសការកាត់ បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋក្រីក្រឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕