(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ បានបើកសវនាការជំនុំជម្រះសំណុំរឿងរថយន្តបុកម៉ូតូសម្រាប់នាំក្បួនគណៈ​ប្រតិភូនៅក្បែរវត្តភ្នំ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលថ្ងៃរាជរដ្ឋាភិបាលកម្ពុជារៀបចំកិច្ច កំពូលអាស៊ានក្នុងនាមជាម្ចាស់ផ្ទះ។

យោងតាមការបញ្ជាក់ពីភាគីអ្នកបើបបរម្ខាងទៀត ដែលជាជនរងគ្រោះក្នុងករណីនេះ បានឲ្យដឹងថា លោកចៅក្រម សេង សុជាតិ បើកសវនាការ នាវេលាម៉ោង ២រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដោយមានលោក ឆាយ ហុង ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ចំណែកយោងតាមដីកាកោះឲ្យចូលរួមសវនាការ ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ របស់លោកព្រះរាជអាជ្ញារង ឆាយ ហុង សវានាការនេះគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នោះទេ ប៉ុន្តែមន្ត្រីតុលាការម្នាក់បានទូរស័ព្ទ ឲ្យភាគីម្ចាស់រថយន្តត្រូវគេបុកថា សវនាការត្រូវលើកមកនារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៦៖៥នាទី បុរសម្នាក់ឈ្មោះ ទូច រតនា អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បានបើកបររថយន្តមួយគ្រឿងម៉ាក SSANGYONG ISTANA ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2BB-1302 ដើម្បីដឹកអ្នកដំណើរចេញពីស្រុកស្អាង ខេត្តកណ្តាល ទៅកាន់ខេត្តកំពង់ចាម ឆ្លងកាត់តាមរាជធានីភ្នំពេញ។

ក្នុងដំណើរឆ្លងរាជធានីភ្នំពេញ ពេលមកដល់ចំណុចផ្លូវប្រសព្វគ្នារវាងមហាវិថីព្រះនរោត្តម និងផ្លូវលេខ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8952 បើកបរដោយឈ្មោះ សៅ ពិសិដ្ឋ មុខរបរចុងភៅ កើតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៨៤ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិអង្ក្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងស្នាក់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើដំណើរតាមផ្លូវលេខ១០៦ ទិសដៅពីកើតទៅលិចមកបុកជាមួយរថយន្តម៉ាក SSANGYONG ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2BB-1302 កំពុងធ្វើដំណើរតាមមហាវិថីព្រះនរោត្តម ទិសដៅពីត្បូងទៅជើង រួចបន្តទៅប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA 75CL ពណ៌ស ពាក់ស្លាកលេខ នគរបាល 1-0402 បើកតាមបណ្តោយមហាវិថីព្រះនរោត្តម ទិសដៅពីជើងទៅត្បូង។

ក្រោយពីកើតហេតុភ្លាម មន្ត្រីនគរបាលចរាចរណ៍ខណ្ឌដូនពេញ បានពិនិត្យ និងវាស់វែងដល់កន្លែងកើតហេតុ រួចបញ្ជូនរថយន្តទាំង២គ្រឿង រួមទាំងអ្នកបើកបរទាំងពីរនាក់ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីចាត់ចែងបន្តតាមនីតិវិធី។ ឯអ្នកបើកបរទាំង២នាក់ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ក្រោយពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យមើលរបាយការណ៍របស់នគរបាលចរាចរណ៍រួចមក ទើបអនុញ្ញាតឲ្យឈ្មោះ ទូច រតនា រួចផុតពីការចោទប្រកាន់ និងបានវិលត្រឡប់មកលំនៅឋានវិញ ក្រោយពីរកឃើញថា អ្នកបើកបររូបនេះ គឺជាជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នោះដែរ។

ចំណែកអ្នកបើកបរឈ្មោះ សៅ ពិសិដ្ឋ ត្រូវលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងចោទប្រកាន់ពីបទ បើកបរមិនគោរពសញ្ញាចរាចរណ៍បញ្ជារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បួនដំណើរគណៈប្រតិភូ ឬថ្នាក់ដឹកនាំជាន់ខ្ពស់ និងបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យមានរបួសដល់អ្នកដទៃ។

ក្រោយពីរងការចោទប្រកាន់ជាផ្លូវការរួចហើយ អ្នកបើកបរឈ្មោះ សៅ ពិសិដ្ឋ ត្រូវចៅក្រមស៊ើបសួចេញដីកាបង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដើម្បីរង់ចាំការបើកសវនាការដល់អង្គសេចក្តី។

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ចៅក្រមស៊ើបសួរបានកោះហៅឈ្មោះ ទូច រតនា ចូលបំភ្លឺក្នុងនាមជាជនរងគ្រោះ អំពីដំណើរឿងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យម៉ូតូរបស់មន្ត្រីនគរបាលអង្គរក្សមួយគ្រឿងរងការខូចខាត ដោយសាររថយន្តម៉ាក FORD RANGER។

លោក ទូច រតនា រំឮកប្រាប់អ្នកសារព័ត៌មានថា នៅក្នុងរង្វង់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបានបើកបររថយន្តខ្លួនម៉ាក SSANGYONG INSTANA ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2BB-1302 ដឹកមនុស្ស១៣នាក់ ចេញពីស្រុកស្អាង ខេត្តកណ្តាល ក្នុងទិសដៅទៅកាន់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីទៅចូលរួមមង្គលការនៅទីនោះ។

លោកបានអះអាងថា «ខ្ញុំបើករថយន្តខ្ញុំ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង ម៉ាក FORG RANGER ពាក់ស្លាកលេខ ភ្នំពេញ 2AP-8952 បើកពីកើតមកលិច តាមផ្លូវលេខ១០៦ ក៏បុកត្រូវទ្វារស្តាំខាងមុខ ហើយរថយន្តនោះ បន្តទៅបុកម៉ូតូនគរបាលនៅក្បែរនោះទៀត»

គ្រួសារលោក ទូច រតនា បាននិយាយទៀតថា ក្រោយចៅក្រុមស៊ើបសួរសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកបើកបររថយន្តម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8952 ឈ្មោះ សៅ ពិសិដ្ឋ នៅក្នុងគុកព្រៃសរួចហើយ បុរសជាម្ចាស់រថយន្តនេះឈ្មោះ លឹម រ៉ាវ៉េត បានសន្យាជួបពិភាក្សា និងចរចាសងសំណងខូចខាតមកខាងម្ចាស់រថយន្តម៉ាក SSANGYONG INSTANA ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានដំដោះស្រាយអ្វីឡើយ ដោយភាគីម្ចាស់រថយន្តបង្កព្យាយាមគេចវេសពីការទទួលខុសត្រូវ៕