(ភ្នំពេញ)៖ លោក គីម រិទ្ធី ​អភិបាលខេត្តព្រះវិហារ បានថ្លែងថា រដ្ឋបាលខេត្តព្រះវិហារ នឹងជំរុញឱ្យខេត្តនេះ ប្រែក្លាយជាខេត្តកសិកម្មសេរីរាង្គ នាពេលខាងមុខ ខណៈបច្ចុប្បន្ននេះ កសិករនៅក្នុងខេត្តកំពុងតែពង្រឹងការដាំដុះកសិផល ផ្តោតលើគុណភាពជាចម្បង ​និងជាខេត្តដែលបាននាំចេញកសិផលសេរីរាង្គ ឈានមុខគេនៅកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះវិហារ» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបន្តពង្រឹងការអនុវត្តកសិកម្ម តាមកិច្ចសន្យា ការផលិតស្រូវសេរីរាង្គ និងជំរុញកសិករឱ្យបង្ក​បង្កើនផល និងរក្សាគុណភាព ព្រមទាំងខិតខំប្រែក្លាយខេត្តព្រះវិហារទៅជាខេត្តកសិកម្ម សេរីរាង្គ»

លោក គីម រិទ្ធី បានឱ្យដឹងថា ខេត្តព្រះវិហារ មានវិសាលភាពផ្ទៃដីធំទូលាយ ដែនដីប្រកបដោយជីវជាតិ និងជាប្រភពដ៏ប្រសើរសម្រាប់វិស័យកសិកម្ម ​​និងផ្តល់នូវសក្កានុពលធ្វើកសិកម្មសរីរាង្គ ​ដែលធ្វើឱ្យខេត្តនេះក្លាយជាប្រភពផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិឈានមុខគេ។

លោកបានឱ្យដឹងថា ​​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ប្រកបរបរកសិកម្ម ប្រមាណ៨០%នៅទូទាំងខេត្ត។ នៅឆ្នាំ២០២២ ការដាំដុះស្រូវរដូវវស្សាអនុវត្តបានចំនួន ៩៩,១២០ហិកតា លើផែនការ ៩១,២០០ហិកតា ដែលផ្ទៃដីប្រមូលផលសរុប ៩៤,០៦៣ហិកតា ផ្ទៃដីប្រមូលផលបាន ៩៤,០៦៣ហិកតា ស្មើនឹង ១០០% ទទួលបានបរិមាណផលចំនួន ២៨៣,៧៤៣តោន និងទិន្នផលមធ្យម ៣.០១៧តោន/ហិកតា។

ដោយឡែក ចំពោះការបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែអនុវត្តបានសរុបចំនួន ៦៣,៤៣៤ហិកតា ស្មើនឹង ៩០.៨៧% នៃផែនការ ​ក្នុងនោះ ៖ ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្តបាន ៧៩០ហិកតា ស្មើនឹង ៣៥.៣២% ,ដំណាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន ៧,២០១ហិកតា ស្មើនឹង ៧២.៥៤%,ដំណាំឧស្សាហកម្ម អនុវត្តបាន ៣៨,៣១៨ហិកតា ស្មើនឹង ៩៦.៦៨% ,ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន១៧,១២៥ហិកតាស្មើនឹង៩៥.១០%។

​លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា វិស័យកសិកម្ម គឺជាវិស័យដ៏សំខាន់នៅក្នុងខេត្តព្រះវិហារ និងបានបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះឱ្យមានជីវភាពល្អ។

លោកបានឱ្យដឹងថា ខេត្តព្រះវិហារមានផ្ទៃដីដុះប្រមាណ១០ម៉ឺនហិកតា ដែលភាគច្រើនប្រជាកសិករនៅក្នុងខេត្តបានដាំដុះផ្តោតទៅលើគុណភាព ជាពិសេសគឺស្រូវ ​ដែលជាប្រភេទស្រូវ​មានគុណភាពអាចកិនជាអង្ករ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិបាន។

លោកបន្តថា ការដាំដុះផ្តោតលើគុណភាពឬបែបសេរីរាង្គ បានធ្វើឱ្យកសិករ មិនបានបារម្ភអំពីបញ្ហាទីផ្សារនោះទេ ដោយពួកគេបានចងក្រងគ្នាជាសហគមន៍ និងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជាច្រើន ដែលធ្វើឱ្យតម្លៃស្រូវទទួលតម្លៃល្អប្រសើរ។

​លោកលើកឡើងបន្ថែមថា «យើងបានធ្វើការងារនេះ អស់រយៈពេល ៧ឆ្នាំ ៨ឆ្នាំកន្លងមកហើយ យើងឃើញបងប្អូននៅខេត្តព្រះវិហារ គាត់សប្បាយចិត្តតាមរយៈចងក្រងជាសហគមន៍ និងចុះកិច្ចសន្យាលក់ស្រូវរបស់គាត់ ជូនក្រុមហ៊ុនជាច្រើន និងរោងម៉ាស៊ីនកិនស្រូវមួយចំនួនទៀត»

​បច្ចុប្បន្ននេះខេត្តព្រះវិហារ មានសហគមន៍កសិកម្មសរុបចំនួន ៤៣សហគមន៍ មានសមាជិកសរុបប្រមាណមួយម៉ឺនគ្រួសារ ដោយមានការសម្របសម្រួលពីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងត្រូវបានចុះបញ្ជីទទួលជាស្គាល់ជា សហគមន៍កសិកម្មស្របច្បាប់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។ មុខរបរសំខាន់ៗរបស់សហគមន៍កសិកម្ម ផ្តោតលើការធ្វើឥណទានកសិកម្មខ្នាតតូច ផ្គត់ផ្គង់សម្ភារកសិកម្ម ធ្វើរបរទីផ្សារ និងបានចុះកិច្ចសន្យាទិញលក់ផលិតផលសរីរាង្គដូចជា ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ និងគ្រាប់ស្វាយចន្ទីសរីរាង្គ​៕