(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយជាថវិកា និងសម្ភារ យកទៅប្រគល់ជូន លោកយាយដែលមានវ័យ៩០ឆ្នាំ រស់នៅជាមួយកូនប្រុសពិការម្នាក់ និងប្រជាពលរដ្ឋដែលមានជំងឺ រស់នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

លោក ហោ ប៊ុនហួរ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក មួង ឃីម ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង និងលោក អ៊ុក គឹមសាន ប្រធានក្រុមការងារថ្នាក់ចុះជួយស្រុករវៀង ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

លោកអភិបាលស្រុករវៀង ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋពីតម្លៃសុខសន្តិភាព ដែលមានសព្វថ្ងៃក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធា រស់នៅមានសិទ្ធសេរីភាពគ្រប់បែបយ៉ាង អាចប្រកបរបរចិញ្ចឹមជីវិតតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ស្របទៅតាមច្បាប់។

លោក ហោ ប៊ុនហួរ បានថ្លែងសង្កត់ធ្ងន់ថា បើទោះបីសព្វថ្ងៃនេះមាន បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូច ដូចជា ស្ត្រីមេម៉ាយ ជនពិការ ក្មេងកំព្រា ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋដែលជួបនូវគ្រោះថ្នាក់ធម្មជាតិផ្សេងៗ មានជីវភាពខ្វះខាត ក៏ពិតមែន តែរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ និងកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក៏ដូចជាអាជ្ញាធរថ្នាក់ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ និងនៅតាមមូលដ្ឋាន តែងយកចិត្តទុកដាក់ គិតគូរ ជួយគ្រប់ពេលវេលា។

ជាក់ស្តែងថ្ងៃនេះ លោកបាននាំថវិកា និងសម្ភារមួយចំនួន មកប្រគល់ជូនលោកយាយវ័យ៩០ឆ្នាំ រស់នៅជាមួយកូនប្រុសពិកា និងប្រជាពលរដ្ឋដែលមានជំងឺត្រូវទៅវះកាត់ផងដែរ៕