(ភ្នំពេញ)៖ លោកស្រី ឆាត់ គឹមហូវ ភរិយាសពលោក ឡាយ ខែក ទីប្រឹក្សាអាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងជាអតីតអ្នកតំណាង រាស្ត្រក្នុងអាណត្តិទី១ បានផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសាររំលែកទុក្ខស្វាមីរបស់ខ្លួន ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វា ស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១៖១៥នាទីយប់ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។

ក្នុងលិខិតថ្លែងអំណរគុណរបស់លោកស្រី ឆាត់ គឹមហូវ ដែល Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះបានបញ្ជាក់ថា «នាងខ្ញុំ ឆាត់ គីមហូច ភរិយានៃសពឯកឧត្តម ឡាយ ខែក ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចអគ្គមហាសនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានទឹកចិត្តដ៏ប្រពៃថ្លៃថ្លាជាទីបំផុត បានផ្ញើសាររំលែកមរណទុក្ខមកយើងខ្ញុំ ព្រមទាំងចូលបច្ច័យបុណ្យសពចំនួន ១០លានរៀល ក្នុងឱកាសដែលកំពុងមានមរណទុក្ខ ដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់ស្វាមី ឪពុក និងជីតា»
លោកស្រីបានបន្តថា «យើងខ្ញុំពិតជាមានក្តីរំភើបឥតឧបមា ចំពោះការផ្តល់នូវមហាកិត្តិយសរំលែកទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ នាងខ្ញុំ និងក្រុមគ្រួសារសូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី ប្រោសប្រទានពរជ័យសិរីមង្គល វិបុលសុខមហាប្រសើរ ជូនសម្តេចអគ្គមហាសេនាបតីតជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ ជន្មាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍមាតុភូមិឲ្យកាន់តែរីកចម្រើនរុងរឿងថែមទៀតតរៀងទៅ។ សូមសម្តេចអគ្គមហាសនាបតីតេជោ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ!»