(សៀមរាប)៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ស្រុកបន្ទាយស្រីក្នុងខេត្តសៀមរាប ជាស្រុកទី៣ ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយមានការចូលរួមពីលោក ថោង ពោជ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរស្រុក មេឃុំ អង្គការដៃគូ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់ចូលរួម ស្ថិតនៅក្នុងបរិវេណសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក ថោង ពោជ បានលើកឡើងថា ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទនេះ រាជរដ្ឋាភិបាលបាន កំណត់នូវទស្សនវិស័យការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងអ្នករស់នៅក្នុងសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ រួមនឹងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះខេត្តសៀមរាប សហការជាមួយអង្គការដៃគូ ដែលធ្វើឲ្យខេត្តទទួលបានលទ្ធផលជាទីមោទនៈ សំខាន់ស្រុកបន្ទាយស្រី ត្រូវបានប្រកាលទទួលស្គាល់ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដែលជាស្រុកទី៣ បន្ទាប់ពីស្រុកអង្គរជុំ និងស្រុកស្រីស្នំ។

លោក ថោង ពោជ បានបន្តថា ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ ក្រសួងបាននិងកំពុងបន្តអនុវត្តនូវផែនការសកម្មភាពជាតិស្ដីពី ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដោយកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% លើការទទួល បានសេវាទឹកស្អាត និងអនាម័យជនបទនៅឆ្នាំ២០២៣ ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យ១០០%។

លោកក៏បានអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់បន្តការចូលរួម និងសហការសម្រាប់សកម្មភាពលើកកម្ពស់អនាម័យជនបទឲ្យកាន់ តែប្រសើរឡើងថែមទៀត តាមរយៈការអនុវត្តនូវផែនការសកម្មភាពជាតិ ស្តីពីការផ្គតផ្គង់ទឹក ការសម្អាតនិងអនាម័យជនបទ ដើមី្បសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាប្រចាំ ដល់សុខភាពប្រជាពលរដ្ឋ សុខភាពសាធារណៈ ដើមី្បលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឈានទៅកាត់បន្ថយភាពក្រីក្រ និងសម្រេចចក្ខុវិស័យឆ្នាំ២០៣០និង២០៥០។

លោកបានបន្តទៀតថា វិស័យផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ គឺជាផ្នែកមួយសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ការទទួលបានសេវាទឹកស្អាត និងអនាម័យ ឲ្យកាន់តែប្រសើរឡើងឈានទៅសម្រេចទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ដោយកំណត់នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព។

លោកបានបញ្ជាក់ថា ដើមី្បសម្រេចគោលនយោបាយ ស្តីពី ការលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាបន្ន ផ្នែកសេដ្ឋកិច្ចសង្គម និងវប្បធម៌ ដោយក្រសួងបានដាក់នូវយុទ្ធសាស្ត្រអាទិភាពចំនួន៤ ផងដែរ។ ក្នុងនោះដែរ ផ្អែកតាមរបាយការណ៍របស់អង្គការដៃគូពាក់ព័ន្ធ និងការលើកឡើងរបស់ខេត្តសៀមរាប អំពីវឌ្ឍនភាពរបស់ខេត្ត អត្រាគ្រប់ដណ្តប់អនាម័យឡើងដល់ ៨៤,៥៣% ក្នុងនោះមាន៣៥០ភូមិ ក្នុង៣០ឃុំ នៃស្រុកចំនួន៣ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។

ម៉្យាងទៀត ខេត្តសៀមរាប ជាខេត្តគោលដៅទេសចរណ៍ ដែលរាជរដ្ឋាភិបាល បានប្រសិទ្ធនាមជា( តារារះទិសឧត្តរ) និងដើមី្បស័ក្តសមទៅនឹងកិត្តិនាមនោះ លុះត្រាខេត្តមានអនាម័យ ទឹកស្អាត ផ្គត់ផ្គង់គ្រប់គ្រាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ក្រោយកម្ពុជាយើងគ្រប់គ្រងបាននៃជម្ងឺកូវិដ១៩។ ដើមី្បភាពជោគជ័យនៅលើ ទឹកដីខេត្តប្រវត្តិសាស្ត្រមួយនេះ ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះបាន បើគ្មានការចូលរួមពីសហគមន៍ ថ្នាក់ដឹកនាំនៅមូលដ្ឋាន និង ក្រុមបច្ចេកទេស និងការផ្សព្វផ្សាយក្នុងការចូលរួមពីអង្គការដៃគូនោះ ក៏មិនអាចទទួលបានជោគជ័យនោះឡើយ។

ក្នុងចំណាប់អារម្មណ៍របស់លោក តាំង វ៉ាន់ច័ន្ទ តំណាងអង្គការ(យូរីដូ) និងអង្គការបណ្តុះកុមារ និងលោក យី គឹមថាន នាយករងអង្គការភ្លែនអន្តរជាតិ ប្រចាំកម្ពុជា ក៏បានលើកឡើងថា សមិទ្ធផលនេះ ត្រូវបានគាំទ្រដោយភាគីពាក់ព័ន្ធជាច្រើន ដោយធ្វើការយកចិត្តទុកដាក់នៅរាល់កម្រិតផ្សេងៗគ្នា ជាច្រើនឆ្នាំមកហើយ ដើម្បីបង្កើតការរៀបចំស្ថាប័នអនុវត្តប្រព័ន្ធត្រួតពិនិត្យអនាម័យ បង្កើតការចូលរួមសហគមន៍ បង្កើតទីផ្សារអនាម័យ ឧបត្ថម្ភធនធានដល់គ្រួសារក្រីក្រ និងអ្នកងាយរងគ្រោះ ហើយតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរស្រុក អាជ្ញាធរឃុំ និងភូមិមានសារៈសំខាន់ណាស់ក្នុងការធានាបានជោគជ័យនេះនៅខេត្តសៀមរាប។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានលើកថា ក្នុងយុគសម័យឌីជីថល ពិតជាមានសារៈសំខាន់ ដើមី្បឆ្លើយតបនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងរំលេចពីតម្លៃនៃការចូលរួមធ្វើអនាម័យ គឺដោយផ្តោតទៅលើការសាងសង់បង្គនអនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ ក្នុងការពន្លៀនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។ ស្រុកបន្ទាយស្រី មាន០៦ឃុំ ស្មើ៣៦ភូមិ មានប្រជាពលរដ្ឋ ៥០ពាន់៤៤នាក់ ស្មើ ១១ពាន់៣០០គ្រួសារហើយប្រជាពលរដ្ឋ ៩០%ជាកសិករ ប្រកបការងារកសិកម្មជាស្នូល និង ការងារសិប្បកម្ម និង សេវាផ្សេងៗ ដោយស្រុកបន្ទាយស្រីជាគោលដៅទេសចរណ៍មួយ របស់ខេត្តសៀមរាប។
ក្នុងនោះដែរ រដ្ឋបាលស្រុកបានសហការជាមួយអង្គការ (យូរីដូ) ក្នុងការជំរុញសម្មភាពសាងសង់បង្គន់អនាម័យសម្រាប់ប្រើប្រាស់នៅគ្រប់ខ្នងផ្ទះទូទាំងស្រុកបន្ទាយស្រីផងដែរ៕