(ភ្នំពេញ)៖​ ក្រសួងអប់រំ យុវជន និងកីឡា​ និងស្ថានទូតបារាំងប្រចាំកម្ពុជា​ នារសៀលថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានប្រារព្ធទិវាអន្តរជាតិ​ ហ្វ្រង់កូហ្វូនី​ ២០២៣​​ ក្រោមប្រធានបទ «៣២១​ លាននៃអ្នកនិយាយភាសាបារាំង​ រាប់ពាន់លាននៃអត្ថន័យវប្បធម៍​ (321 millions de francophones, des milliards de contenus culturels) » នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ពិធីនេះដែរបានធ្វេីឡេីងក្រោមអធិបតីភាពលោកបណ្ឌិត ហង់ ជួនណារ៉ុន​ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ និងលោក​ Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា​ រួមទាំងមានការចូលរួមពីលោក​ លោកស្រី​ តំណាងវិទ្យាស្ថាននិងគ្រឹះស្ថានប្រើប្រាស់ភាសាបារាំងមួយចំនួន នៅកម្ពុជា ព្រមទាំងសិស្សនិស្សិត ប្រមាណ ៤០០នាក់។

ថ្លែងនាឱកាសនោះលោកបណ្ឌិត ហង់ ជួនណារ៉ុន​ បានបញ្ជាក់ថា​ ការប្រារព្ធពិធីរួមគ្នានេះដើម្បីរំលឹកដល់ទិវាអន្តរជាតិនៃឡាហ្វ្រង់កូហ្វូនី​ ហេីយព្រឹត្តិការណ៍នេះ​គឺជាចំណុចកំពូលនៃការងារសមូហភាពដ៏សន្ធឹកសន្ធាប់ដែលធ្វើឡើងដោយគណៈកម្មាធិការរៀបចំ និងដៃគូដែលនិយាយភាសាបារាំងទាំងអស់។

បេីតាមលោកបណ្ឌិត ហង់ ជួនណារ៉ុន​ បានឱ្យដឹងទៀតថា​ គម្រោង Francophone បានវិវត្តន៍ឥតឈប់ឈរចាប់តាំងពីការបង្កើតទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស (ACCT) ដែលក្នុងឆ្នាំ២០០៥​ បានក្លាយជាអង្គការអន្តរជាតិដឺឡាហ្វ្រង់កូហ្វូនី (OIF)។ ប៉ុន្មានឆ្នាំមកនេះ អង្គការនេះបានរៀបចំរចនាសម្ព័ន្ធខ្លួនឯង ធ្វើទំនើបកម្មខ្លួនឯងបន្ត និងពង្រឹងសកម្មភាពនយោបាយ និងកិច្ចសហប្រតិបត្តិការបណ្តាញ និងដៃគូរបស់ខ្លួនជាច្រេីន​ ហេីយឥឡូវនេះវាបានក្លាយទៅជាពហុភាគីដ៏សំខាន់ និងជាគំរូនៃភាពចម្រុះផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់​ ការរៀបចំឱ្យមានទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣នេះឡើងបន្ទាប់ពីអាក់ខានអស់រយៈពេល ២ឆ្នាំ ដោយសារវិបត្តិកូវីដ១៩។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន​ ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំសិក្សាភាសាបារាំង ដើម្បីពង្រឹងសមត្ថភាពបន្ថែមលើចំណេះ និងជំនាញដែលកំពុងសិក្សា និងបានលើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍនានាដែលប្រើប្រាស់ភាសាបារាំងបន្តចូលរួមអភិវឌ្ឍវិស័យអប់រំកម្ពុជាផងដែរ៕