(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងវិស័យឯកជន បានធ្វើសន្និសីទរួមគ្នាមួយ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ស្តីពី «ដំណើរកម្សាន្តប្រកបដោយស្មារតីទទួលខុសត្រូវ» ដើម្បីពង្រឹងភាពជាដៃគូ និងដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។

លោក ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយវិស័យឯកជន ដើម្បីពង្រឹងភាពជាដៃគូរ និងដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ បេសកកម្មរបស់ក្រសួងបរិស្ថានដើម្បីគ្រប់គ្រង និងការពារធនធានធម្មជាតិ ដើម្បីប្រជាជនកម្ពុជាគ្រប់ជំនាន់ទទួលបានផលប្រយោជន៍។ ការអនុវត្តតាមគោលបំណង ការបណ្តុះបណ្តាល និងការរួបរួមគ្នានៃវិស័យទេសចរណ៍ ព្រមទាំងសកម្មភាពរបស់សង្គមស៊ីវិល គឺជាតម្រូវការមួយដើម្បីការពារ និងធ្វើឱ្យធនធានធម្មជាតិរបស់ប្រទេសកម្ពុជាមានសោភ័ណភាព។

លោក ជួប ប៉ារីស បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងជួបជុំគ្នាដើម្បីផ្លាស់ប្តូរអំពីផែនការ អាទិភាព និងការសហការរបស់យើងផងដែរ ដើម្បីកសាងគោលដៅរួមរបស់យើងសម្រាប់មនុស្សជំនាន់ ទាំងបច្ចុប្បន្ន និងអនាគត»

ជាមួយគ្នានេះ លោក GUICHANDUUT នាយកគ្រប់គ្រងក្រុមហ៊ុន All Dreams Cambodia បានលើកឡើងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ។ ការបំពុលដោយប្លាស្ទិក ជាផ្នែកមួយនៃបញ្ហា ក្នុងនោះទីក្រុងភ្នំពេញតែមួយមានថង់ប្លាស្ទិកប្រមាណ ១០លាន ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ផ្លាស្ទិកភាគច្រើនប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ត្រូវបានផលិតដើម្បីបោះចោល ហើយជាញឹកពាប់មិនអាចកែច្នៃឡើងវិញបាន ដែលនាំឱ្យមានការបំពុលបរិស្ថានយ៉ាងច្រើន។ ទន្ទឹមនឹងការបំផ្លាញជីវចម្រុះ ការផលិតប្លាស្ទិកតាមតម្រូវការក៏មានកាន់តែច្រើន។ ជារៀងរាល់ឆ្នាំការផលិតផ្លាស្ទិកថ្មីមានជាង ៣០០លានតោន។ ការណ៍នេះ ធ្វើឱ្យបាត់បង់ធនធានធម្មជាតិ និងរួមចំណែកដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ការបំពុលដោយប្លាស្ទីកគឺជាបញ្ហាប្រឈមផ្នែកបរិស្ថានដ៏សំខាន់មួយនៅសម័យរបស់យើង ហើយអ្នកទេសចរ មានតួនាទីសំខាន់ក្នុងការរួមចំណែកដល់ដំណោះស្រាយ។ យើងប្តេជ្ញាខ្លួនយើងក្នុងការគោរពសហគមន៍ សង្គម កាត់បន្ថយកាបូនរបស់យើង ប្រកាន់ខ្ជាប់នូវសុខុមាលភាពសត្វរបស់យើង ហើយមានគោលបំណងជាមួយរាល់ដំណើរកម្សាន្តថ្មីដែលយើងអភិវឌ្ឍ ដើម្បីការពារបរិស្ថានជួយអ្នកស្រុកក្នុងការអភិវឌ្ឍជីវភាពរស់នៅរបស់ពួកគេ និងរួមចំណែកក្នុងវិធីតូចតាចរបស់យើង ដើម្បីធ្វើឱ្យយើង ប្រទេស និងភពផែនដីនេះជាកន្លែងប្រសើរ»

លោកនាយកក្រុមហ៊ុន All Dream Cambodia បានបញ្ជាក់ថា លោកបានចូលរួមលើកកម្ពស់ការទិញសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ដែលផលិតក្នុងស្រុក ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់សហគមន៍ និងមូលដ្ឋាន។ ក្រៅពីនេះក្រុមហ៊ុនលោកក៏បានលើកទឹកចិត្តបុគ្គលិកឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ កង់អេឡិចត្រូនិច និង/ឬដើរនៅពេលណាដែលអាចធ្វើទៅបាន។ ជាមួយគ្នានោះក៏ព្យាយាមអស់ពីសមត្ថភាព ដើម្បីទិញផលិតផលដែលមានការបញ្ជាក់ពីបរិស្ថានផងដែរ៕