(កណ្ដាល)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ២៤មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន» ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការ និងជានាយកគម្រោង មូលនិធិសកលនៃក្រសួងសុខាភិបាល ដែលប្រព្រឹត្ដទៅនៅវត្តសាលាអណ្តែត និងមណ្ឌលសុខភាព ហ៊ុន សែន ក្រាំងយ៉ូវ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន ប្រធានអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា, លោកបណ្ឌិត ចន អ៊ៀរ ប្រធានការិយាល័យសុខភាពសាធារណៈ និងអប់រំនៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា, លោក ជូស្ទីន វ៉ាយយ៉ាត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងថា ក្នុងនាមលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងក្នុងនាមលោកស្រីផ្ទាល់ បានបង្ហាញពីសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងការ ប្រារព្ធទិវារបេងពិភពលោក ២៤មីនា ឆ្នាំ២០២៣នៅកម្ពុជា ក្រោមកិច្ចសហការរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល ជាមួយអង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) និងគម្រោងខំមីត។

លោកស្រីវេជ្ជបណ្ឌិត បានបន្ដថា តាមរយៈប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន» ដែលមានវត្ថុបំណងលើកកម្ពស់នូវក្ដីសង្ឃឹម និងលើកទឹកចិត្ដភាពជាអ្នកដឹកនាំកម្រិតខ្ពស់ លើការបង្កើនការវិនិយោគ ទទួលយកនូវអនុសាសន៍ថ្មីៗរបស់អង្គការសុខភាពពិភពលោក អនុវត្ដនូវគំនិតផ្ដួចផ្ដើមថ្មីៗដែលមានប្រសិទ្ធភាព ពន្លឿនសកម្មភាព និងភាពដៃគូជាលក្ខណៈពហុវិស័យ ក្នុងការបញ្ចប់ជំងឺរបេងនៅកម្រិតប្រទេស តំបន់ និងសកលលោក។

«ជាមួយគ្នានេះ ប្រទេសកម្ពុជាយើង មានគោលដៅ និងបំណងជាក់លាក់ ដើម្បីឈានទៅបញ្ចប់ការរាតត្បាតជំងឺរបេងនៅកម្ពុជា នាដំណាច់ឆ្នាំ២០៣៥ ស្របតាមចក្ខុវិស័យ ប្រទេសកម្ពុជាគ្មានជំងឺរបេង តាមផែនការយុទ្ធសាស្ដ្រ ២០២១-២០៣០ និងស្របនឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ ក្នុងការអនុវត្ដគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល ក្នុងនោះដែរ វិស័យសុខាភិបាលជាគោលដៅអាទិភាពយ៉ាងសំខាន់ ដែលត្រូវរួមបញ្ជូលទាំងជំងឺរបេងផងដែរ»នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ។

ដើម្បីបង្ហាញនូវសក្ខីភាពកាន់តែច្បាស់លាស់ នូវការគាំទ្ររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ក៏បានអានសាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងទិវារបេងពិភពលោក ២០២៣ផងដែរ។

សូមជម្រាបថា ក្រសួងសុខាភិបាល ក៏ដូចជាមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានរៀបចំទិវាពិភពលោកកំចាត់រោគរបេង ឆ្នាំ២០២៣ ដែលកំពុងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ អង្គការសុខភាពពិភពលោក តែងលើកសំណូមពរដល់គ្រប់ប្រទេសទាំងអស់ ដែលក្នុងនេះរួមមានទាំងកម្ពុជាយើងផង ឱ្យរៀបចំទិវាពិភពលោកកំចាត់រោគរបេង នៅថ្ងៃទី២៤ ខែមិនា» រៀងរាល់ឆ្នាំ។

បើតាមការបញ្ជា់របស់លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានឱ្យដឹងថា កម្ពុជាយើងបានប្រារឰធ្វើទិវានេះលើកដំបូង នៅឆ្នាំ១៩៩៩ ហើយលើកនេះ គឺជាឆ្នាំទី២៥ ដើម្បីផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃជំងឺរបេង នៅក្នុងប្រទេស និងអន្តរជាតិ, ជំរុញការលើកកម្ពស់បន្ថែម ការចលនាទាក់ទាញការគាំទ្រ ផ្នែកនយោបាយ និងថវិកា ក្នុងការប្រយុទ្ធនឹងជំងឺរបេងនៅទូទាំងពិភពលោក រួមទាំងកម្ពុជាយើង ដើម្បីសហការសម្របសម្រួល ឱ្យមានការចូលរួមយ៉ាងជិតស្និទ្ធថែមទៀត ពីសំណាក់គ្រប់ភាគីទាំងអស់ រាប់បញ្ចូលទាំងអ្នកផ្តល់ជំនួយសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និងស្ថាប័នមិនមែនសុខាភិបាល ដើម្បីធានានូវកិច្ចខឹតខំប្រឹងប្រែងថែមទៀត សំដៅជំរុញការងារប្រយុទ្ធនឹងជំងឺរបេង ឱ្យបានខ្លាំងក្លាថែមទៀត។

នៅឆ្នាំ២០២១ នៅទូទាំងសកលលោក មានអ្នកជំងឺរបេងថ្មីកើតមានប្រមាណចំនួន ១០លាន ៦សែននាក់ ក្នុងនោះមានតែ ៦លាន៤សែន ករណីប៉ុណ្ណោះ ដែលបានស្រាវជា្រវរកឃើញ និងរាយការណ៍ទៅអង្គការសុខភាពពិភពលោក ដូចនេះនៅសល់ជំងឺប្រមាណ ៤លាន២នាក់ទៀត ពុំបានទទួលសេវាស្រាវជ្រាវ និងព្យាបាលនៅឡើយ។ អ្នកស្លាប់ដោយសារជំងឺរបេងមានចំនួន ១លាន៤សែននាក់ ចំពោះអ្នកគ្មានផ្ទុកមេរោគអេដស៍ និងចំនួន ១៨៧,០០០នាក់ ស្លាប់ដោយសារជំងឺរបេង ចំពោះអ្នកមានផ្ទុកមេរោគអេដស៍។ ចំពោះអ្នកជំងឺរបេងសួតម្នាក់ បើមិនបានព្យាបាលទេ ក្នុងមួយឆ្នាំៗ គាត់អាចចម្លងទៅមនុស្សជា ពី១០ ទៅ ១៥នាក់។ អ្នកជំងឺរបេងដែលទទួល ការព្យាបាលពុំត្រឹមត្រូវ អាចនឹងបង្កឱ្យមានភាពស៊ាំនៃមេរោគទៅនឹងឱសថ របេង ដែលជាវិបត្តិដ៏ធ្ងន់ធ្ងរ អាចបណ្តាលឱ្យអ្នកជំងឺស្លាប់ ហើយការព្យាបាលទាមទារតម្លៃខ្ពស់ ចំពោះថ្នាំប្រឆាំងនឹងមេរោគស៊ាំនេះ។

លោកវេជ្ជបណ្ឌិត បានថ្លែងបន្ដថា របេងនៅតែជាបញ្ហាសុខភាពសាធារណៈដ៏ចម្បង ពិសេសនៅបណ្តាប្រទេសកំពុងអភិវឌ្ឈន៍ រួមទាំងកម្ពុជាផងដែរ ។នៅក្នុងឆ្នាំ២០២២កន្លងមកនេះ ដោយមានជំនួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លា ពីរាជរដ្ឋាភិបាល អង្គការជាដៃគូ ព្រមទាំងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលល្អ របស់មន្រ្តី‌‏សុខាភិបាលបម្រើការងារនៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ជាមួយសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និងស្ថាប័នមិនមែនសុខាភិបាល បានធ្វើឱ្យកម្មវិធីជាតិកំចាត់រោគរបេង បានទទួលសមិទ្ធិផលថ្មីៗថែមទៀត ពិសេសគឺការរក្សាបានអត្រាព្យាបាលជោគជ័យបាន ៩៥.៥% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែលកំណត់ត្រឹមតែ ៩០%។ ស្រាវជ្រាវជំងឺរបេងសរុបបាន ៣២,៨៦៥ ករណី (ដែលឆ្នាំ២០២១ មាន២១,៦២៧ករណី)។

កម្មវិធីជាតិកំចាត់រោគរបេង រក្សាបាននូវការគ្របដណ្ដប់នៃសេវារបេងបាន ១០០% នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ទូទាំងប្រទេស។ ដូតស៍តាមសហគម៍ត្រូវបានពង្រីកពី ៥០៦ មណ្ឌលសុខភាពនៅឆ្នាំ២០០៨ ដល់ ៦៤៤ មណ្ឌលសុខភាពនៅឆ្នាំ២០១៨ ហើយកម្មវិធីជាតិបានបន្តពង្រីកការងារដូតស៍សហគមន៍នេះបាន ១,១៤៧ មណ្ឌលសុខភាព នៅក្នុងស្រុកប្រតិបត្តិចំនួន ៨៩ នៅឆ្នាំ២០២២។ សកម្មភាពសហការការងារ របេងអេដស៍ មាននៅគ្រប់ស្រុកប្រតិបត្តិទាំងអស់នៅឆ្នាំ២០២២ ដែលក្នុងឆ្នាំ២០០៨ មានតែ៥៧ស្រុកប្រតិបត្ដិប៉ុណ្ណោះ ហើយសេវារបេងកុមារក៏មាននៅគ្រប់ស្រុកប្រតិបត្តិផងដែរ។ កម្មវិធីជាតិកំចាត់រោគរបេង មានមណ្ឌលព្យាបាលជំងឺរបេងស៊ាំថ្នាំច្រើនមុខចំនួន ១១កន្លែងនៅឆ្នាំ២០២២។ មានសេវា PPM-DOTS ក្នុង៧១៤ខេត្ត និង ៣៤ ស្រុកប្រតិបត្តិ។

ការងារប្រយុទ្ធនឹងជំងឺរបេងនៅកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈ។ជាក់ស្តែង តាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០២២ បង្ហាញថាអត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ២១ករណីក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%។ ចំណែកឯអត្រាអាំងស៊ីដង់ក៏បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៨៨ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%ផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា៕