(ភ្នំពេញ)៖ ដោយយកចិត្តទុកដាក់ពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មន្ដ្រីសាខា «ក.ប.ប» រាជធានីភ្នំពេញ ដោយមានការសហការ ពីរថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ និងមន្ត្រី នៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ ផលិតផលទំនិញម្ហូបអាហារ និងផលិតផលប្រើប្រាស់ ផ្សេងៗ នៅផ្សារដើមគរ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ។

លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ មន្រ្តីជំនាញរបស់លោក បានស្រង់យកគំរូ មានដូចជា បន្លែ ផ្លែឈើ ប្រហិត គ្រឿងសមុទ្រ ប្រហុក ផ្អក ត្រីងៀត សាច់ក្រក សរសៃគុយទាវ សរសៃមី -ល- ចំនួន៧០ គំរូ យកមកវិភាគ នៅរថយន្តពិសោធន៍ របស់អគ្គនាយកដ្ឋាន ក.ប.ប. ហើយជាលទ្ធផលគំរូទាំងនោះ ពុំមានវត្តមានសារធាតុគីមីហាមឃាត់ទេ។ ប៉ុន្តែក្រុមការងារជំនាញ បានរកឃើញលតស្វិត ចំនួន៣គីឡូក្រាម មានសារធាតុបូរ៉ាក់។

លោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែស្គាល់ ពីឯកសារច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់ ហើយត្រូវបញ្ចប់ការលាយបន្ថែម នូវសារធាតុគីមីឃាត់ ទៅលើផលិតផល ម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ ផលិតផល ឲ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែក ចេញពីគ្នា រវាងគ្រឿងប្រើប្រាស់ ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំង ផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម។

លោក ហេង មាលី បានថ្លែងថា វិស័យម្ហូបអាហារ ត្រូវបានកើនឡើង ទៅតាមកំណើនប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ន នូវម្ហូបអាហារ ដែលមិនមាន អនុលោមភាព សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។ លោកក៏បានណែនាំ ដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផល ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈម ចំពោះមុខច្បាប់ថែមទៀត។

ក្នុងប្រតិបត្តិការខាងលើនេះ គេឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រ ចំពោះសកម្មភាព របស់មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ដែលតែង តែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាព របស់ពួកគាត់ផងដែរ៕