(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កំពុងគង់ប្រថាប់នៅព្រះរាជដំណាក់ធំ នៅខេត្តសៀមរាប ហើយព្រះរាជដំណាក់ ដែលបានឆាបឆេះកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺជាព្រះរាជដំណាក់តូចមួយ ក្នុងចំណោមព្រះរាជដំណាក់ជាច្រើន នៅឯតំបន់នោះ។

នេះបើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះរាជដំណាក់ ដែលឆាបឆេះកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺជាអគារព្រះរាជដំណាក់តូចមួយ ដែលព្រះវររាជមាតាជាតិខ្មែរ ធ្លាប់គង់ប្រថាប់កាលពីឆ្នាំ១៩៥៣។ ដោយឡែក អគារព្រះរាជដំណាក់ផ្សេងៗមិនមានឆាបឆេះនោះឡើយ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «កន្លងទៅ និយាយពីការឆេះព្រះរាជដំណាក់នៅសៀមរាម ខ្ញុំគួរតែយកឱកាសនេះបញ្ជាក់ ថា ឥឡូវព្រះករុណា កំពុងតែគង់នៅព្រះរាជដំណាក់នោះ តែក្នុងព្រះរាជដំណាក់ហ្នឹងមានអគារច្រើន គឺឆេះព្រះរាជដំណាក់មួយ ដែលហ្លួងម៉ែ ព្រះអង្គគង់នៅកាលពីឆ្នាំ១៩៥៣។ ឥឡូវយើងកំពុងតែជួសជុល ហើយយើងនឹងដំណើរការជួសជុល អគារទាំងអស់នៅទីនោះឡើងវិញ ព្រោះខានជួសជុលច្រើនឆ្នាំហើយដែរ»

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា អគារព្រះរាជដំណាក់ទាំងអស់ នៅខេត្តសៀមរាបកំពុងតែត្រូវបានជួសជុលឡើងវិញផងដែរ ដោយសារខានជួសជុលច្រើនឆ្នាំហើយ។

បើតាមក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសបញ្ជាក់ថា ករណីអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប កាលពីម៉ោង ១០៖០៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ក្នុងឱកាសនោះដែរ សម្តេចតេជោ បានសម្តែងការហួសចិត្ត ដែលក្រុមប្រឆាំងមួយចំនួនលើកឡើងថា ព្រះរាជដំណាក់ដែលឆាបឆេះជាព្រះរាជដំណាក់ធំ ហើយបានបន្តច្រានចោល ចំពោះការបំភ្លៃថា គណបក្សប្រជាជនកម្ពុជា គឺជាអ្នកដុតព្រះរាជដំណាក់។

សូមជម្រាបថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល បានទ្រង់ចេញព្រះរាជសារ ថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនដល់ជនរួមជាតិ និងអន្តរជាតិ ដែលបានផ្ញើរសារ សម្តែងនូវសមានចិត្តសោកស្តាយចំពោះព្រឹត្តិការណ៍ នៃឧបទ្ទវហេតុ យ៉ាងតក់ស្លុត និងរន្ធត់បំផុត លើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គីភ័យឆេះឆាប កន្លងទៅនេះ។

ព្រះរាជសារចេញពីរដ្ឋធានីប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចព្រះមហាក្សត្រី មានព្រះបន្ទូលទៀតថា ព្រះរាជដំណាក់ថ្មីនឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ។

សម្តេចព្រះមហាក្សត្រី មានព្រះបន្ទូលបន្ថែមថា ព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានអាយុកាលជាង ៧០ឆ្នាំមកហើយនេះ បានបន្សល់នូវអនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និងអត្ថន័យជាតិដ៏ធំធេងជាមួយនិងព្រះរាជបូជនីយកិច្ចតស៊ូទាមទារឯករាជ្យ បន្ទាប់ពីការយាងបំពេញ យុទ្ឋនាការនៅបរទេសមាន បារាំង កាណាដា អាមេរិក ជប៉ុន និងថៃឡង់។ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានដឹកនាំការតស៊ូជាមួយការចូលរួម ដ៏សកម្ម និងដ៏អង់អាចក្លាហានពីសំណាក់ជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការដោយគ្មានការបង្ហូរឈាម។

រវាងខែមិថុនា ដល់ខែវិច្ឆិកា ឆ្នាំ១៩៥៣ សម្តេចព្រះមហាក្សត្រី មានបន្ទូលថា ទ្រង់មានមហាកិត្តិយសបានដង្ហែ ព្រះបិតាឯករាជ្យជាតិ ក្នុងព្រះរាជបូជនីយកិច្ច ប្រវត្តិសាស្ត្រខាងលើនេះ នៅក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដែលជាតំបន់ស្វយ័តនាពេលនោះ រហូតទទួលបានជោគជ័យជាស្ថាពរជូនជាតិមាតុភូមិទាំងមូល នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយចំពោះភ្លើងឆេះព្រះរាជដំណាក់ នៅខេត្តសៀមរាប និងធ្លាប់បានថ្លែងថា មិនថាអស់ថវិកាប៉ុន្មាននោះទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ៕