(ភ្នំពេញ)៖ ក្រុមហ៊ុន ជីបម៉ុង គ្រុប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ ជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨។

គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បង្កើតឡើងក្នុងគោលបំណង ដើម្បីថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្រ្ត។ ទុកជាមរតកឲ្យមនុស្សតជំនាន់ បានសិក្សារៀនសូត្រ និងដើម្បីជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក។

សូមគោរពបញ្ជាក់ថា គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨នេះ មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស។ រីឯ «១២៥» គឺថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ជាថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទេសក៍ ដែលមានគោលដៅឆ្ពោះទៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្រ្គោះអាយុជីវិតប្រជាជន៕