(បន្ទាយមានជ័យ)៖ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ មានភ្ញៀវជាតិបរទេសចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចំនួន ១១៩.០០០នាក់ បើប្រៀបធៀបខែមករា ឆ្នាំ២០២៣ មានការកើនឡើង ៣,៥៩ភាគរយ ពោលមួយថ្ងៃមានភ្ញៀវឆ្លងចូលប្រមាណ១ពាន់នាក់។

លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះថានៅ​ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានភ្ញៀវជាតិបរទេសចូលក្នុង១ថ្ងៃ មិនតិចជាង១ពាន់នាក់នោះទេ ហើយនៅខែកុម្ភៈ ឆ្នាំ២០២៣ មានភ្ញៀវបរទេសចូលមានជាង១១ម៉ឺននាក់ ពោលមានការកើនឡើង ៣,៥៩% បើប្រៀបធៀបខែមករា ឆ្នាំ២០២៣ មានចំនួន១១៥ ២២១នាក់។

លោក ឈឿន សេរីវុធ បានបញ្ជាក់ថា «ភ្ញៀវបរទេសដែលដែលចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកកម្ពុជានៅខែកុម្ភៈ រួមមាន៖

*ទី១៖ ជនជាតិថៃ ចំនួន ១៩៣.០៥៤នាក់
*ទី២៖ ជនជាតិឥណ្ឌូនេស៊ី ចំនួន ២.៧៤៧នាក់
*ទី៣៖ ជនជាតិរុស្ស៊ី ចំនួន ២.៥០០នាក់
*ទី៤៖ ជនជាតិអង់គ្លេស ចំនួន ៩៧៧នាក់
*ទី៥៖ ជនជាតិអាល្លីម៉ង់ ចំនួន ៨៥០នាក់
*ទី៦៖ ជនជាតិអាមេរិក ចំនួន ៧២០នាក់
*ទី៧៖ ជនជាតិបារាំង ចំនួន ៧២០នាក់
*ទី៨៖ ជនជាតិចិន ចំនួន ៦៥៩នាក់
*ទី៩៖ ជនជាតិម៉ាឡេស៊ី ចំនួន ៥៥៨នាក់
*ទី១០៖ ជនជាតិជប៉ុន ចំនួន ៣២៩នាក់៕

ជាមួយគ្នានេះ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមជាមួយបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនកាស៊ីណូ ត្រូពិកាណា ក៏បានធ្វើការសម្អាតអនាម័យ-បរិស្ថាន ជុំវិញបរិវេណរង្វង់មូល រហូតដល់គោលដៅអគារថ្មី ដើម្បីកែលម្អសោភ័ណ្ឌភាពជូនអ្នកដំណើរដែលឆ្លងកាត់ចេញ-ចូលប្រទេសកម្ពុជា-ថៃ ក្រោយពីអាជ្ញាធរក្រុងប៉ោយប៉ែតបានសម្រេចបើកឲ្យដំណើរការផ្លូវនេះឡើងវិញ បន្ទាប់ពីបានបិទក្រោយពីមានការឆេះអគារ កាលពីពេលកន្លងទៅ៕