(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨។ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ នេះធ្វើឡើងរយៈពេល១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ និងឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។

យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងការពារកិត្តិយស កិត្យានុភាពជាតិ បញ្ចៀសឲ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ក៏ដូចជាការថែរក្សានូវសុខុមាលភាពសង្គម លើកកម្ពស់ការអភិវិឌ្ឍធនធានយុវជន និងបង្កើនភាពកក់ក្ដៅនៅក្នុងសង្គមគ្រួសាររបស់ប្រជាពលរដ្ឋ និងការរួមចំណែកដល់កិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

សូមជម្រាបថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ នាឆ្នាំ២០២២កន្លងទៅ កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការយ៉ាងក្ដៅគគុក ដោយបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៦,៣៩០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១៥,០០២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ប្រមាណ ១៤,៩១៩.៤៧គីឡូក្រាម និងសារធាតុគីមីសរុបប្រមាណ ៥០៤,៥៧៧គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារ និងវត្ថុតាងមួយចំនួនធំ (ក្នុងនោះបទល្មើសគ្រឿងញៀនធំៗ សរុបចំនួន៦៩ករណី ឃាត់ខ្លួនមេក្លោង ១៧នាក់ និងខ្សែរយៈបណ្តាញ១៦០នាក់) ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជាមួយគ្នានេះដែរ វិធានការអប់រំ វិធានការរដ្ឋបាល ត្រូវបានចាត់តាំងអនុវត្តតាមគ្រប់មធ្យោបាយ គ្រប់រូបភាព ដោយមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន និងទទួលបានលទ្ធផលជាវិជ្ជមាន ដែលកត្តាទាំងអស់នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយឥទ្ធិពលការប្រើប្រាស់ និងជួញដូរសារធាតុញៀននៅក្នុងស្រុកផងដែរ។

ក្នុងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ បានកត់សម្គាល់ឃើញថា សភាពការណ៍បទល្មើសគ្រឿងញៀននៅលើសកលលោក នៅតែបន្តវិវត្តប្រែប្រួលយ៉ាងស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀនបន្តធ្វើសកម្មភាពខ្លាំងក្លាជាងមុន ក្នុងការលួចលាក់កែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ជាពិសេសការផលិតគ្រឿងញៀនសំយោគ ដែលងាយស្រួលក្នុងការផលិត មិនរើសភូមិសាស្ត្រ ឬទីតាំងផលិត ងាយរកសារធាតុគីមីផ្សំ និងឧបករណ៍សម្រាប់ផលិត ព្រមទាំងទទួលបានបរិមាណគ្រឿងញៀនសំយោគច្រើនជាងមុន។

ជាមួយគ្នានេះ ក៏មានការកត់សម្គាល់អំពីការកើនឡើងនូវចរាចរសារធាតុគីមីផ្សំគ្រឿងញៀន ទៅកាន់តំបន់ត្រីកោណមាសក្នុងចំនួនដ៏ច្រើនលើសលប់ រួមទាំងការកើនឡើងនូវនិន្នាការថ្មី គឺការចាត់តាំងបញ្ហាផលិត និងជួញដូរគ្រឿងញៀនតាមប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ (តាមអនឡាញ) ដែលជាហេតុធ្វើឲ្យសកម្មភាពចរាចរ ជួញដូរគ្រឿងញៀនកាន់តែច្រើនឡើងៗ ទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ និងក្នុងតំបន់ ហើយព្រះរាជាណាចក្រកម្ពុជា នៅតែជាគោលដៅរងគ្រោះដោយសារឧក្រិដ្ឋកម្មទាំងនេះផងដែរ៕