(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញការណែនាំសំខាន់ៗ ចំនួន៩ចំណុច ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ក្រសួង ស្ថាប័ន, គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ រៀបចំ និងអនុវត្តការងារតាមវិស័យ និងតាមជំនាញរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៣។

ការណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន៖

*ទី១៖ សូមរំលឹក និងជំរុញឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវយកចិត្តទុកដាក់ពិនិត្យ និងចាត់ចែងឲ្យមានប្រសិទ្ធភាព ចំពោះប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣
កន្លងទៅដែលសម្តេចបានណែនាំថា «ក្នុងស្មារតីនេះ ខ្ញុំសូមជំរុញលើកទឹកចិត្តដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាធ្វើការសិក្សាឡើងវិញអំពីក្របខណ្ឌច្បាប់ និងគោលការណ៍វិធានការនានា ក្នុងការបង្ការទប់ស្កាត់ការលួចកែច្នៃផលិត ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនខុសច្បាប់ទាំងក្នុងពេល ចំពោះមុខ និងសម្រាប់រយៈពេលមធ្យមទៅរយៈពេលវែង»។

*ទី២៖ គ្រប់ក្រសួង-ស្ថាប័ន អង្គភាពកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានម៉ឺងម៉ាត់ និងកាន់តែខ្លាំងក្លាថែមទៀត ស្របតាមផែនការគោលនយោបាយយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។

*ទី៣៖ គ្រប់ក្រសួង-ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ ជាពិសេស ស្ថាប័ន-អង្គភាព ដែលមានមន្ត្រីបម្រើការងារនៅតាមខ្សែបន្ទាត់ព្រំដែន និងខេត្តជាប់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបការចរាចរ ការជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ឆ្លងកាត់ព្រំដែនឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងនោះត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងអនុវត្តនូវសកម្មភាពត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូនធ្វើដំណើរតាមខ្សែបន្ទាត់ព្រំដែន ដូចដែលបាននិងកំពុងអនុវត្តសម្រាប់ផែនការប្រតិបត្តិការ ១៥១១ នៃគម្រោងសុវត្ថិភាពទន្លេមេគង្គ និងធ្វើការពិនិត្យ ដកស្រង់បទពិសោធន៍ចេញពីការធ្វើលំហាត់ត្រួតពិនិត្យគ្រឿងញៀនឆ្លងដែន នៃយន្តការការិយាល័យទំនាក់ទំនងព្រំដែន (BLO) សម្រាប់ធ្វើជាមូលដ្ឋានក្នុងការអនុវត្តការងារត្រួតពិនិត្យគ្រឿងញៀនឆ្លងដែនទៅថ្ងៃខាងមុខ។

*ទី៤៖ ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសុខាភិបាល ត្រូវពង្រឹងនិងបង្កើនការត្រួតពិនិត្យរាល់សកម្មភាពនាំចូល និងប្រើប្រាស់សារធាតុគីមី និងសារធាតុគីមីផ្សំគ្រឿងញៀន នៅតាមបណ្តាក្រុមហ៊ុនរោងចក្រ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់យន្តការខ្សែបណ្ដោយថ្នាក់ក្រោមជាតិ ធ្វើជាសេនាធិការក្នុងការតាមដាន និងត្រួតពិនិត្យបន្តលើការប្រើប្រាស់សារធាតុគីមីផ្សំនេះ។

*ទី៥៖ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ត្រូវដឹកនាំ ជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន និងត្រូវចាត់តាំងចូលរួមអនុវត្តកម្មវិធីព័ត៌មានទាន់ហេតុការណ៍ ដែលជាកម្មវិធីរបស់ ក្រសួងមហាផ្ទៃជាមួយវិទ្យុ អេហ្វអឹម ០១២ ឲ្យបានជាប្រចាំន និងមានប្រសិទ្ធភាព។

ត្រូវរៀបចំ និងចាត់តាំងការអនុវត្តតួនាទីភារកិច្ចរបស់ការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងភូមិឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន នៃខេត្តជាប់ព្រំដែន ឲ្យបានត្រឹមត្រូវច្បាស់លាស់ ដោយដាក់បញ្ចូលយន្តការ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ ស គ្មានគ្រឿងញៀនទៅក្នុងយន្តការនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

*ទី៦៖ គ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន វិស័យសាសនា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់កើតចេញ ពីការប្រើប្រាស់គ្រឿងញៀន ដល់គ្រប់ស្រទាបមហាជន ជនមុខសញ្ញាប្រឈម ងាយរងគ្រោះ និងពង្រឹងការអនុវត្តគោលនយោបាយសម្រាប់ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនប្រកបដោយលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ នៅតាមមជ្ឈមណ្ឌលជាតិ មណ្ឌលបណ្តោះអាសន្ន និងតាមសហគមន៍ សំដៅគាំទ្រដល់យុទ្ធសាស្ត្រកាត់បន្ថយតម្រូវការប្រើប្រាស់ និងឈានទៅកាត់ផ្តាច់ទីផ្សារផ្គត់ផ្គង់គ្រឿងញៀនរបស់ពួកឧក្រិដ្ឋជនគ្រឿងញៀន។

*ទី៧៖ គ្រប់ក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ពិសេសខេត្តជាប់ព្រំដែន ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ទាំងក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី ពហុភាគី ជាមួយប្រទេសជាប់ព្រំដែន តំបន់ និងសកលលោក សំដៅសហការទប់ស្កាត់ បង្ក្រាបការចរាចរ ការជួញដូរ ការប្រើប្រាស់ខុសច្បាប់នូវគ្រឿងញៀន និងសារធាតុគីមីផ្សំ ឆ្លងកាត់តំបន់ព្រំដែន និងនៅផ្ទៃក្នុងប្រទេស។

*ទី៨៖ ក្រសួង-ស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស ក្រសួងយុត្តិធម៌ ត្រូវសម្របសម្រួលជាមួយស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីពន្លឿនការជំនុំជំរះក្តីនៃបទល្មើសគ្រឿងញៀនឲ្យបានឆាប់រហ័ស និងបន្តពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវលើបទល្មើសគ្រឿងញៀនណាដែលសង្ស័យថា មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ ដើម្បីធ្វើការដកហូតបានទាន់ពេលវេលានូវទ្រព្យសម្បត្តិ ដែលបានមកពីផលនៃការប្រព្រឹត្តិបទល្មើស និងបង្ហាញពីឆន្ទៈ កិច្ចសហប្រតិបត្តិការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមស៊ើបអង្កេតស្រាវជ្រាវប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានគាំទ្រដល់ ការរីកសាយភាយអាវុធមហាប្រល័យនៅក្នុងក្របខណ្ឌសកលលោក។

*ទី៩៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសម្របសម្រួលជាមួយក្រសួង-សា្ថប័ន ជំនាញមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងរៀបចំតាក់តែងគោលនយោបាយ ឬលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ដើម្បីបម្រើដល់ការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ជាពិសេស ការរៀបចំច្បាប់ថ្មីពាក់ព័ន្ធនឹងការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំ សំដៅដល់ការទប់ស្កាត់ការបង្វរយកទៅផលិតគ្រឿងញៀនខុសច្បាប់ ឲ្យកាន់តែមានប្រសិទ្ធភាព៕

http://image.freshnewsasia.com/2021/id-022/fn-2023-03-21-15-49-25-20.jpg