(ព្រះសីហនុ)៖ នៅវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកដី បុកជាមួយរថភ្លើងដឹកនាំអ្នកដំណើរបណ្ដាលឱ្យមនុស្សចំនួ ៤នាក់ រងរបួសធ្ងន់ស្រាល ស្ថិតនៅក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមលោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានប្រាប់បណ្តាញព័ត៌មាន Fresh News បានឱ្យដឹងថា ក្នុងករណីនេះ បង្កដោយរថយន្ដ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-7015 ដែលមានទិសដៅពីលិចទៅកើត បើកបរដោយបុរសឈ្មោះ រើ ជីវ័ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ដដឹកដី និងអ្នករួមដំណើរ
ឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមេការរថយន្ដដឹកដី អ្នកទាំង២ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងរពៅឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

លុះមកដល់ចំណុចខាងលើ បានបើកបរឆ្លងកាត់ផ្លូវរថភ្លើង ខណៈពេលនោះមានរថភ្លើង១ខ្សែរ ពណ៌ខ្មៅលាយក្រហម គ្មានផ្លាកលេខ (ប្រភេទដឹកអ្នកដំណើរ) ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ បើកបរដោយឈ្មោះ អ៊ុ សម្បត្តិ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិផ្សារដេប៉ូ១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងអ្នករួមដំណើរចំនួន២២នាក់ ស្រី១១នាក់ បានបុកពីចំហៀងខាងឆ្វេងពេញទំហឹងតែម្ដង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឱ្យមានមនុស្សរងបួសចំនួន០៤នាក់៖

ទី១៖ ឈ្មោះ រើ ជីវ័នភេទប្រុស អ្នកបើកបររថយន្ដ HYUNDAI (រងបួសធ្ងន់)
ទី២៖ ឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អ្នករួមដំណើររថយន្ដ HYUNDAI(រងបួសមធ្យម) អ្នកទាំង២បានយកមកសង្គ្រោះនៅមន្ទីរពេទ្យ
អនុស្សាវរីយ៍ ស៊ុន យ៉ាឃៀល (ពេទ្យបូកគោ) ខេត្តកំពត
ទី៣៖ ឈ្មោះ អ៊ុ សម្បត្តិ ភេទប្រុស អ្នកបើកបររថភ្លើង (រងបួសជើងខាងឆ្វេង)
និងទី៤៖ ឈ្មោះ រុំ ភេទប្រុស អ្នករួមដំណើរក្នុងរថភ្លើង (រងបួសស្រាល)

បច្ចុប្បន្ន រថភ្លើងឃ្លាតពីកន្លែងកើតហេតុទៅខាងមុខប្រហែលចំងាយ៥០០ម៉ែត្រ រងចាំក្រុមហ៊ុមយកក្បាលរថភ្លើងមកអូស។ រីឯ
រថយន្ដកំពុងស្វែងរកស្ទួចដើម្បីស្ទួចចេញពីកន្លែងកើតហេតុ និងបានយកមករក្សាទុកណ្ដោះនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕