(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៤នាក់ ដែលបានបង្កអំពើហិង្សាទៅលើជនរងគ្រោះដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តសូមអំពាវនាវដល់មាតា បិតា ឬអាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ អប់រំណែនាំកូនចៅឱ្យបានល្អ ព្រោះមួយរយៈថ្មីៗនេះ មានយុវជនមួយចំនួនបានកំពុងភ្លើតភ្លើន តាមរយៈការអូសទាញរបស់មិត្តភក្តិមិនល្អ ប្រមូលផ្តុំគ្នាធ្វើរឿងមិនគប្បី បង្កើតបក្ខពួក ក្រុម បង្ករឿងអនាធិបតេយ្យក្នុងសង្គម ដូចជា៖ ជិះម៉ូតូជ្រេពេញតាមដងផ្លូវ ស្ទាក់ដេញវាយបង្កហិង្សាលើអ្នកដំណើរ ឬវាយ កាប់ ចាក់ គ្នាជាដើមដែលសកម្មភាពនេះ គឺជាអំពើរខុសច្បាប់។

យុវជនទាំងនេះ បានកំពុងសាងនូវគំរូមិនល្អក្នុងសង្គម ជាអំពើរល្មើសច្បាប់។ សូមយុវជនដទៃទៀត ត្រូវធ្វើជាពលរដ្ឋល្អ កូនល្អ កុំយកតម្រាប់តាម ព្រោះវានាំឱ្យបាត់បង់នូវកិត្តយស សេចក្តីថ្លៃថ្នូរ បង្កអសន្តិសុខដល់សង្គមជាតិ និងមានទោសព្រហ្មទណ្ឌ។

សូមគាំទ្រ និងលើកទឹកចិត្ត ដល់យុវជនគ្រប់រូបដែលប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព អភិវឌ្ឍ ចំណេះ ជំនាញ វិជ្ជាជីវៈ ហើយយកចំណេះដឹងទៅប្រើក្នុងផ្លូវត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើន ស្របតាមយុគសម័យឌីជីថល និង រួមគ្នាការពារសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល។

ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យ នឹងមិនយោគយល់ ឬលើកលែងជាដាច់ខាតចំពោះបុគ្គលណា យុវជនរូបណាបង្កើតក្រុម បក្ខពួក ដើរអុកឡុក វាយ កាប់ ចាក់ លួច ឆក់ ប្លន់ បង្កភាពអសន្តិសុខ គ្រប់ទម្រង់ គ្រប់រូបភាព ក្នុងភូមិសាស្រ្តខេត្ត គឺត្រូវបង្ក្រាប និងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ជាធរមាន៕