(រតនគិរី)៖ ក្នុងកិច្ចប្រជុំជាមួយមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុង ស្រុកទាំង៩ ដើម្បីត្រៀមរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោក ងិន ណែល អភិបាលខេត្តរតនគិរីស្តីទី បានលើកឡើងថា រដ្ឋបាលខេត្ត គ្រោងនឹងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ឲ្យមានភាពសប្បាយរីករាយ រយៈពេល៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

លោកបានបន្តថា រយៈពេល៧ថ្ងៃនោះ មានការដាក់តាំងបង្ហាញផលិតផល និងសមិទ្ធផលនានារបស់មន្ទីរអង្គភាព ជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ព្រមទាំងវិស័យឯកជន ការប្រគុំតន្ត្រី និងលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត និងការបាញ់កាំជ្រួច។

នៅក្នុងកម្មវិធីសង្ក្រាន្តនេះ រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីជាច្រើន រួមមាន កម្មវិធីតាមបែបសាសនា ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ពិធីចម្រើនព្រះបរិត្ត សូត្រមន្តលើករាសី របាំបួងសួងនិងរបាំត្រុដ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ ពិធីកម្សាន្តសប្បាយដូចជាកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ចោលឈូង បោះអង្គុយ លាក់កន្សែង ទាញព្រ័ត ស្តេចចង់ ជាដើម ។

ដូច្នេះ ដើម្បីឲ្យការរៀបចំកម្មវិធីសង្ក្រាន្តរតនគិរី ប្រព្រឹត្តទៅបានជោគជ័យ គ្រប់គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ត្រូវរៀបចំកម្មវិធីនីមួយៗ ឲ្យបានច្បាស់លាស់ សំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនមកចូលរួម ក្នុងកម្មវិធីសង្ក្រាន្តខេត្តរតនគិរី បានច្រើនកុះករ៕