(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ទោ ថោង សូលីម៉ូ នាយករងទីចាត់ឃោសនា-ព័ត៌មាន អគ្គបញ្ជាការដ្ឋាន និងជាអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា អ្នកសង្កេតការណ៍ចំនួន ១០ប្រទេសនឹងអញ្ជើញចូលរួមសង្កេតមើលពីសកម្មភាពសមយុទ្ធនាគមាស ឆ្នាំ២០២៣ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។​ សមយុទ្ធនាគមាស លើកទី៥នេះ នឹងចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។

ការឱ្យដឹងបែបនេះ របស់លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសលោកបានធ្វើសន្និសីទសារព័ត៌មាន ស្តីពីសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន «នាគមាសឆ្នាំ២០២៣» ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន»។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សម្រាប់សមយុទ្ធលើកទី៥នេះដែរ កម្ពុជានឹងកងទ័ពចំនួន៥៨៣នាក់ ខណៈកងទ័ពរំដោះប្រជាជនចិន មានចំនួន២៥៧នាក់។ សមយុទ្ធនាគមាស ឆ្នាំ២០២៣ នឹងធ្វើបង្កើនសមត្ថភាពបន្ថែមទៀតដល់កងទ័ពកម្ពុជា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ណាមួយដែលកើតឡើងជាយថាហេតុ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «អ្វីដែលជាការកត់សម្គាល់នៅក្នុងសមយុទ្ធនេះដែរ គឺក្រុមការងារដឹកនាំធ្វើសមយុទ្ធនាគមាសនៃប្រទេសពីរ (កម្ពុជា-ចិន) បានធ្វើការអញ្ជើញអ្នកសង្កេតការណ៍មកពី១០ប្រទេស នៃប្រជាជាតិអាស៉ីអាគ្នេយ៍ ហើយសូមបញ្ជាក់ថា កន្លងមកការធ្វើសមយុទ្ធនៅកម្ពុជា មិនសំដៅទៅលើប្រទេសណាមួយនោះទេ គឺកម្ពុជាស្វាគមន៍គ្រប់បណ្តាប្រទេសទាំងអស់ដែលមានបំណងចង់ធ្វើសមយុទ្ធជាមួយកម្ពុជា»

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា សម្រាប់សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន លើកទី៥នេះ គឺមិនមានការប្រើប្រាស់យោទ្ធោបករណ៍ធុនធ្ងន់ដូចលើកមុនៗនោះទេ ប៉ុន្តែ ប្រធានបទដែលបានដាក់ចេញ គឺមានផលប្រយោជន៍ ​និងមានសារៈសំខាន់ស្របទៅនឹងសភាពការណ៍បច្ចុប្បន្ន។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ថាការសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន គឺធ្វើឡើងតាមការគ្រោងទុក មិនមែនធ្វើឡើងតាមការចៃដន្យ ឬក៏ធ្វើសបទៅនឹងសភាពការសកលលោកកំពុងមានការរត់ប្រណាំងគ្នានោះទេ»

សូមជម្រាបថា សមយុទ្ធនាគមាស ឆ្នាំ២០២៣ កងទ័ពទាំងពីរបានឯកភាពគ្នាធ្វើសមយុទ្ធនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺមានបានចំនួន៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦, ២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួន៣ដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕