(ភ្នំពេញ)៖ លោកស្រី Haruko KAMEI ប្រធានអង្គការ JICA ដែលនឹងត្រូវបញ្ចប់អាណត្ដិដឹកនាំការងារនៅកម្ពុជា ដោយជោគជ័យក្នុងរយៈពេល ២ឆ្នាំ ៥ខែកន្លងមកនេះ បានថ្លែងអរគុណកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រសម្របសម្រួល ដល់កិច្ចសហប្រតិបត្តិការកន្លងមក។

ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្ដែងការគួរសម និងជម្រាបលាពីលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួងសុខាភិបាល។

លោកស្រី Haruko KAMEI បានជម្រាបជូនថា លោកស្រីមានក្តីសោមនស្សរីករាយជាពន់ពេក ដោយឆ្នាំនេះជាខួបលើកទី៧០ នៃចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា និងជាខួបគម្រប់៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងាចៃកា និងរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនោះ លោកស្រីបានសម្ដែងនូវការកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេល។

ជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់លោកស្រី Haruko KAMEI និងកោតសរសើរដល់អង្គការ JICA ដែលបានផ្តល់នូវកិច្ចសហការគាំទ្រយ៉ាងខ្លាំងក្លាដល់វិស័យសុខាភិបាល ជាពិសេសអង្គការ JICA មិនត្រឹមតែជួយគាំទ្រលើផ្នែកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលប៉ុណ្ណោះទេ និងថែមទាំងបានផ្តល់នូវអ្នកជំនាញបច្ចេកទេស ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល និងគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជាអាទិភាពនានាសំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជននៅទូទាំងប្រទេសកម្ពុជា។

លោកស្រីរដ្ឋលេខាធិការប្រចាំការក៏បានបង្ហាញពីបទពិសោធន៍នៃការគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមក ដែលជោគជ័យនេះកើតឡើងពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកកម្ពុជា ដែលជាអគ្គមេបញ្ជាការដឹកនាំចង្អុលបង្ហាញផ្ទាល់។

លោកស្រីរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណអង្គការ JICA និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជាជំនួយសហប្រតិបត្តិការដល់កម្ពុជា លើផ្នែកសុខភាពមាតា និងទារក ការសាងសង់មន្ទីរពេទ្យ និងផ្តល់ជាឧបករណ៍បរិក្ខារពេទ្យជាច្រើន ក្រោមក្របខ័ណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្រទានឥតសំណង ដល់វិស័យសុខាភិបាលនាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកស្រីរដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ក៏បានឯកភាពចំពោះការលើកឡើង អំពីកិច្ចសហប្រតិបត្តិការលើគម្រោងជាជំហាន បន្ទាប់របស់អង្គការ JICA ក្នុងការផ្តល់ជាជំនួយលើការសាងសង់មន្ទីរពេទ្យបន្ថែម ការផ្តល់ជាឧបករណ៍សម្រាប់គ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ការពង្រឹងបន្ថែមលើការគ្រប់គ្រងជំងឺមិនឆ្លង និងការចាត់បញ្ជូនជំនាញការ ជាទីប្រឹក្សាផ្នែកសុខាភិបាលមកកម្ពុជា ព្រមទាំងគម្រោងបណ្តុះបណ្តាលមុននឹងការផ្តល់សេវា និងសំណូមពរដល់អង្គការ JICA បន្តការគាំទ្រកិច្ចសហ-ប្រតិបត្តិការនេះជាបន្តទៀត។

លោកស្រីរដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ក៏បានជូនពរដល់លោកស្រីអង្គការ JICA ទទួលបានជោគជ័យថ្មីៗក្នុងភារកិច្ចថ្មីថែមទៀត។

សូមជម្រាបថា ក្នុងឱកាសលោកស្រី Haruko KAMEI បានអញ្ជើញមកជួបពិភាក្សាការងារ និងជម្រាបលា ក៏មានការអញ្ជើញចូលរួមពីលោក Mazamasa SANUI ដែលទើបទទួលបានការតែងតាំងជាប្រធានJICA ថ្មីប្រចាំនៅកម្ពុជាផងដែរ៕