(ភ្នំពេញ)៖ ក្នុងសប្តាហ៍ទី២ ចាប់ពីថ្ងៃទី១៣-១៩ ខែមីនា ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប៣០៦,៥១៦នាក់ ក្នុងនោះភ្ញៀវជាតិ២៥៤,៦១៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥១,៨៩៨នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦៨,០៦៧នាក់
* ខេត្តសៀមរាប ៤២,៨៦៣នាក់
* រាជធានីភ្នំពេញ ៤០,៤៧៣នាក់
* ខេត្តកំពត ២៥,២៣៣នាក់
* ខេត្តបាត់ដំបង ២៥,១៩៩នាក់
* ខេត្តកំពង់ចាម ១៤,១៨០នាក់
* ខេត្តបន្ទាយមានជ័យ ១២,២៩៥នាក់
* ខេត្តពោធិ៍សាត់ ១០,៦៣០នាក់។

ជាការកត់សម្គាល់ ចរន្តភ្ញៀវទេសចរក្នុងស្រុកបន្តស្ថិតក្នុងរង្វង់ប្រមាណ​៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ ខណៈដែលសប្តាហ៍កន្លងមក យើងទទួលភ្ញៀវក្នុងស្រុកប្រមាណ១.៥លាននាក់ ក្នុងនោះការប្រារព្ធពិធីបុណ្យទន្លេនៅខេត្តកំពង់ធំចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ បានទាក់ទាញភ្ញៀវជាង១លាននាក់។

ក្រសួងទេសចរណ៍បានផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលតែងកើតឡើងនារៀងរាល់ថ្ងៃទី២០ និង២១ ខែមីនា។

ទន្ទឹមនឹងនេះ នាថ្ងៃចន្ទទី២១ ខែមីនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានដាក់ចេញសារាចរណែនាំស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ដោយឡែក ក្រុមការងារសភាពសហព័ន្ធយុវជនកម្ពុជាបានកំពុងខិតខំជំរុញការរៀបចំអង្គរសង្រ្កាន្ត ខណៈដែលបណ្តារាជធានី-ខេត្តផ្សេងៗ ក៏បានកំពុងខិតខំជំរុញការរៀបចំកម្មវិធីសង្រ្កាន្តនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ៕