(ត្បូងឃ្មុំ)៖ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធឆ្លងពុទ្ធាភិសេកឆ្លងដងទង់ឈាបនដ្ឋាន និងសមិទ្ធផលនានា មានតម្លៃប្រមាណ១២៤,០០០ដុល្លារ ក្នុងវត្តសាមគ្គីឧត្តមព្រឹក្សា ហៅវត្តត្រពាំងសង្កែ ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះចៅអធិការវត្ត រួមនិងសប្បុរសជន ប្រជាពុទ្ធបរិស័ទជាម្ចាស់ទាន ដែលបានរួមសហការគ្នាដើម្បីកសាងនូវសមិទ្ធផល នៃវិស័យព្រះសាសនា ឲ្យចេញជារូបរាងឡើងនៅក្នុងមូលដ្ឋាននេះ ដើម្បីទុកជាកេរ្តិ៍តំណែល និងទុកដើម្បីគោរពបូជា តាមបែបប្រពៃណីសាសនា។

លោកបណ្ឌិត បន្តថា ប្រទេសជាតិ មានសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលគ្រប់តំបន់ជនបទ ជីវភាពប្រជាពលរដ្ឋមានភាពធូរ មានលទ្ធភាព និងសទ្ធាជ្រះថ្លា ក្នុងការចូលរួមកសាងនូវសមិទ្ធផលនានាជាច្រើនគួរឲ្យគត់សម្គាល់ ជាមួយរាជរដ្ឋាភិបាលជាការឆ្លើយតបនូវគុណូបការៈ នៃការជួយសង្រ្គោះអាយុជីវិតប្រជាជនឲ្យរួចផុលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ពេលនេះ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនយ៉ាងសន្ធឹកសន្ធាប់ ក្រោមនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឲ្យលង់ជឿតាមការញុះញង់របស់ជនអគតិ ឬក៏បរទេសមួយចំនួននោះ គឺគេចង់ឲ្យខ្មែមានសង្គ្រាម។ ដូច្នេះសូមលោកតា លោកយាយប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលរបស់យើង បន្តបោះឆ្នោតគាំទ្រជូនរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត សម្រាប់ការបោះឆ្នោះជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដើម្បីការពារសុខសន្តិភាពមួយនេះ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ម៉េង វ៉ាន់ដានីន បានប្រគេនស៊ីម៉ង់ត៍ ចំនួន២០តោន ដើម្បីចូលរួមកសាងសមិទ្ធិផលនានា នៅក្នុងវត្តសាមគ្គីឧត្តមព្រឹក្សា ហៅវត្តត្រពាំងសង្កែ ជូនថវិកាដល់យាយជី តាជីក្នុងម្នាក់ៗ ១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ម្នាក់ៗ១ម៉ឺនរៀល គ្រូពេទ្យម្នាក់ៗ២ម៉ឺនរៀល សិស្សានុសិស្ស ម្នាក់ៗ១ម៉ឺនរៀលផងដែរ៕