(ស្វាយរៀង)៖ ឈ្មួញជនជាតិវៀតណាម កំពុងដើរប្រមូលទិញដើមឫស្សីពីងពង់ និងដើមអាកាស្យា ពីប្រជាពលរដ្ឋក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកព្រំដែនប៉ុស្តិ៍ខ្សែដែក។

ប្រជាពលរដ្ឋនៅភូមិគគីរ ឃុំត្រស់ ស្រុករមាសហែក បានឲ្យដឹងថា ឈ្មួញជនជាតិវៀតណាម មួយក្រុមបានដើរប្រមូលទិញដើមឫស្សីពីងពង់ និងដើមអាកាស្យា ពីប្រជាពលរដ្ឋដឹកឆ្លងដែនទៅប្រទេសវៀតណាមរាល់ថ្ងៃ ដោយព្រឹកឡើងឈ្មួញ យករថយន្តយីឌុប និងត្រាក់ទ័រសណ្តោងរ៉ឺម៉ក ឆ្លងដែនពីប្រទេសវៀតណាមចូលមក ក្នុងរដ្ឋបាលស្រុករមាសហែក តាមប៉ុស្តិ៍ច្រករបៀងខ្សែដែក។

ប្រជាពលរដ្ឋបានលើកឡើងថា ដើមឫស្សីពីងពង់ក្នុង១ដើមខ្នាតតូច លេខ៣ លក់បានតម្លៃ២,០០០រៀល ខ្នាតមធ្យមលេខ២ ក្នុង១ដើមតម្លៃ៣,៥០០រៀល, ខ្នាតលេខ១ ក្នុង១ដើមតម្លៃ៤,៦០០រៀល។ ពលរដ្ឋថា ក្នុងមួយគ្រួសារកាប់ម្តង១០០ដើម ទៅ២០០ដើម ហើយពលរដ្ឋដែលដាំឫស្សីពីងពង់ច្រើន គឺនៅស្រុករមាសហែក និងស្រុកស្វាយជ្រំ។

ឈ្មួញវៀតណាម បានបញ្ជាក់ថា ដើមឫស្សីពីងពង់ គេប្រមូលទិញយកទៅផ្គត់ផ្គង់ឲ្យសិប្បកម្មធ្វើគ្រឿងសង្ហារឹមនៅក្នុងខេត្តតៃនិញ ប្រទេសវៀតណាម។ ចំណែកដើមអាកាសស្យាវិញ មានមេការខ្មែរ ជាអ្នកដើរម៉ៅ ចំការ ពីប្រជាពលរដ្ឋ និងមន្ត្រីជំនាញ ថ្នាក់លើលក់បន្តឲ្យឈ្មួញវៀតណាម ដើរប្រមូលទិញ និងកាប់ផ្ទាល់តាមចំការ (តម្លៃម៉ៅគិតតាមចំការតូចធំ)។ ដើមអាកាស្យាទាំងនេះ ក៏យកទៅលក់ឲ្យរោងសិប្បកម្មកែឆ្នៃធ្វើគ្រឿងសង្ហារឹមដែរ៕