(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ចេញទស្សនៈមួយ ដោយស្នើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ កុំបញ្ចេញមតិយោបល់ពាក់ព័ន្ធការច្នៃសម្លៀកបំពាក់ចេញពីហូលខ្មែរ របស់លោក ឯម រៀម ក្លាយទៅជាទំនាស់ ការរឹតត្បិត ឬនាំឲ្យមានការបែកបាក់នៅក្នុងសង្គម។

តាមរយៈ Facebook លោក ហ៊ុន ម៉ានី ចង់ឃើញអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា។

ការបញ្ចេញទស្សនៈរបស់លោក ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីមានការជជែក វែកញែកគ្នា និងរិះគន់ចំពោះការច្នៃសម្លៀកបំពាក់របស់លោក ឯម រៀម បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។ លោក ឯម រៀម ត្រូវបានគេស្គាល់ថា ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់មួយរូប ដែលបញ្ចប់ការសិក្សាមកពីបរទេស។

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុងរបស់លោក ហ៊ុន ម៉ានី៖

«ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។

ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។

ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា»៕