(សៀមរាប)៖ លោក លាង សំណាត់ ប្រធានក្រុមការងារសមាគមសិស្ស និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខេត្តកំពត តាកែវ ហៅកាត់ថា អ.ម.ត នៅថ្ងៃទី១៧-១៨-១៩ ខែមីនា ឆ្នាំ២០២៣ រួមជាមួយលោក ជីវ ចាន់តារា បានដឹកនាំក្រុមការងារ និងនិស្សិតអាហារូបករណ៍សរុបប្រមាណ២៥០នាក់ ធ្វើដំណើរទៅទស្សនកិច្ចនៅខេត្តសៀមរាប។

ក្នុងដំណើរទស្សនកិច្ចនេះ លោក លាង សំណាត់ បានដឹកនាំក្រុមការងារ និងនិស្សិតចូលទៅទស្សនានៅវិមានឈ្នះឈ្នះ ដើម្បីឲ្យក្រុមការងារ និងនិស្សិតទាំងអស់បានស្វែងយល់ពីប៉ូលសេដ្ឋកិច្ច ការរៀបចំទីក្រុងឆ្លាតវៃ គុណតម្លៃ នៃនយោបាយឈ្នះឈ្នះ តំបន់បេតិកភណ្ឌប្រវត្តិសាស្រ្ត ស្ថាបត្យកម្មសំណង់វិមានកីឡដ្ឋានមរតកតេជោ ការអភិវឌ្ឍភូមិធម្មជាតិ និងបទពិសោធន៍ល្អលើការគ្រប់គ្រង និងពង្រឹងសាមគ្គីភាព។

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រតិភូ និងនិស្សិត អ.ម.ត កំពត តាកែវ និងអ.ម.ត ខេត្តសៀមរាប បានជួបជុំគ្នាជិះកង់សន្តិភាព ទស្សនាជុំវិញប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទនានា ដែលជាបេតិកភណ្ឌជាតិ ក្រោមបរិយាកាសរីករាយនិងស្និតស្នាល គួរជាទីមោទន។

នារសៀលថ្ងៃដដែល ក្រុមប្រតិភូ អ.ម.ត បាននាំយកថវិកាលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុន្នី ចំនួន៣០លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។ ឆ្លៀតក្នុងឱកាសនេះ លោកបាននាំយកនូវមតិផ្តាំផ្ញើសួរសុខទុក្ខរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ជូនដល់លោកប្រធានមន្ទីរពេទ្យកុមារអង្គរ និងជូនពរឲ្យលោកប្រធានមានសុខភាពល្អ និងបន្តការខិតខំប្រឹងប្រែងព្យាបាលកុមារទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ។

នៅរាត្រីនោះដែរ ក្រុមប្រតិភូ អ.ម.ត បានជួបជុំគ្នាទទួលទានអាហារសាមគ្គី ក្រោមម្លប់សន្តិភាពក្រោមបរិយាកាសដ៏រីករាយ៕