(ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) និងក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង នៅទីក្រុងប៉ារីស រយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

ជុំវិញដំណើរបំពេញទស្សនកិច្ចនេះ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញនូវលទ្ធផលសំខាន់ៗដែលប្រធាន គ.ជ.ប បានសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំងនេះ។

លោក ទេព នីថា បានឱ្យដឹងថា៖ «ថ្ងៃចុងក្រោយឯកឧត្តមប្រធាន និងគណៈប្រតិភូបានជួបជាមួយលោកស្រី Mathilde TERUYA នាយិការរងនៃអនុនាយកដ្ឋានអាស៉ីអាគ្នេយ៍ នៃក្រសួងការបទេសបារាំង ហើយគាត់បានលើកសសើរអំពីស្ថានភាពល្អនៃសេដ្ឋកិច្ចកម្ពុជា ហើយបារាំងចង់ឃើញកម្ពុជា រៀបចំការបោះឆ្នោតឱ្យបានដូចការកំណត់នៃច្បាប់ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងពហុបក្ស»

បើតាមលោក ទេព នីថា​ បានបញ្ជាក់ថា នៅក្នុងជំនួបនោះដែរ លោកស្រី Mathilde TERUYA សួរយោបល់ប្រធាន គ.ជ.ប កម្ពុជា ថាចង់ឱ្យបារាំងជួយផ្នែកណាមួយនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

ជាការឆ្លើយតប លោក ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណជូនលោកស្រី Mathilde TERUYA និងបានជម្រាបថា ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ប្រទេសកម្ពុជា បានរៀបចំដំណើរការបោះឆ្នោតបានយ៉ាងល្អ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ក្នុងចំណោមនោះមានគណបក្សនយោបាយចំនួន៩ បានជាប់ឆ្នោតនៅក្នុងក្រុមប្រឹក្សាឃុំ សង្កាត់។

លោក ប្រាជ្ញ ចន្ទ ក៏បានអញ្ជើញភាគីបារាំង ចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ដំណើរទស្សនកិច្ចរបស់ប្រធាន គ.ជ.ប និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃកម្ពុជា ទៅប្រទេសបារាំង បានធ្វើឡើងយោងតាមកំណត់ទូតនស្ថានទូតបារាំង ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី អាត់ សូហ្វី នាយិកា នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ផ្នែកសន្តិសុខ នៃក្រសួងមហាផ្ទៃ និងដែនដីឯនាយសមុទ្របារាំង។

ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីជំនួបរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលភាគីបារាំងបានលើកឡើងពីគោលបំណងផ្តល់ការគាំទ្ រដល់កិច្ចការពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ការងារ នៅសាធារណរដ្ឋបារាំង៕