(ភ្នំពេញ)៖ កីឡាការិនីកម្ពុជា ស្រួង ភាវី ដែលកំពុងរស់នៅប្រទេសកូរ៉េនោះ បានអំពាវនាវជាមុនរកអ្នកជំងឺចំហបេះដូងជាជនជាតិខ្មែរចំនួន១៥នាក់ ដើម្បីទទួលការព្យាបាលជាមួយក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េខាងត្បូង ដោយនាពេលខាងមុខ ក្រុមគ្រូពេទ្យជំនាញនឹងធ្វើដំណើរមកពិនិត្យអ្នកជំងឺនៅកម្ពុជា ហើយនាំទៅព្យាបាលនៅប្រទេសកូរ៉េផ្ទាល់តែម្ដង។

កីឡាការិនី ស្រួង ភាវី គឺជាជើងឯកកីឡា Snooker ដ៏ល្បីល្បាញមួយរូបសម្រាប់កម្ពុជា កូរ៉េ និងនៅលើឆាកអន្តរជាតិ ដោយអ្នកស្រីមានកំណើតជាជនជាតិខ្មែរ ប៉ុន្តែបានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមីជនជាតិកូរ៉េ និងបានទៅរស់នៅសាធារណរដ្ឋកូរ៉េច្រើនឆ្នាំមកហើយ ព្រមទាំងបានចាប់អាជីពជាកីឡាការិនីនៅទីនោះ។ កីឡាការិនីរូបនេះតែងចូលរួមប្រកួតក្នុងនាមតំណាងប្រទេសកម្ពុជា និងតែងទទួលបានមេដាយនិងពានរង្វាន់យ៉ាងច្រើនផងដែរ។

យោងតាមការប្រកាសអំពាវនាវរបស់កីឡាការិនីកម្ពុជា ស្រួង ភាវី នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ គឺនាពេលខាងមុខឆាប់ៗនេះ នឹងមានក្រុមគ្រូពេទ្យចេញដំណើរពីកូរ៉េខាត្បូងដើម្បីទៅពិនិត្យអ្នកជំងឺ១៥នាក់ដែលមានបញ្ហា «ចំហបេះដូង» នៅប្រទេសកម្ពុជា ហើយនឹងនាំអ្នកជំងឺទាំងនោះទៅព្យាបាលនៅប្រទេសកូរ៉េខាងត្បូង។ ដូច្នេះហើយទើបអ្នកស្រី ស្រួង ភាវី ប្រកាសអំពាវនាវជាមុន ដោយជ្រើសរើសដំបូងត្រឹមតែ១៥នាក់សិន។

កីឡាការិនីកម្ពុជា ស្រួង ភាវី បានអំពាវនាវយ៉ាងដូច្នេះ «ប្រសិនបើពុកម៉ែបងប្អូនដែលមានជំងឺចំហបេះដូង ដែលមានអាយុចាប់ពី៥ឆ្នាំដល់២០ឆ្នាំ សូមសរសេរឈ្មោះ លេខទូរស័ព្ទ រូបថតរបស់អ្នកជំងឺ និងអាសយដ្ឋានដាក់ចូលក្នុងផេកហ្វេសប៊ុកផ្លូវការ Sruong Pheavy ដើម្បីងាយស្រួលយើងខ្ញុំធ្វើការជូន»៕