(ក្រចេះ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោក ទុយ ប៊ុនសេរីរត្នមុន្នី អភិបាលរងខេត្ត នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការនូវអគារសាលាបឋមសិក្សាត្រពាំងទ្រាំង ដែលជាអំណោយរបស់ប្រជាជនជប៉ុន ស្ថិតនៅភូមិត្រពាំងទ្រាំង ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្សានុសិស្ស ប្រមាណជាង៧០០នាក់។

លោក យិន វណ្ណះ អភិបាលស្រុកចិត្របុរី បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានរងចាំនូវសម្ពោធសមិទ្ធផលអគារសិក្សាដែលកើតមាននៅទីនេះ។ ដោយសារមានការគិតគួររបស់លោក យក់ ប៊ុនណា ជាថ្នាក់ដឹកនាំមានភារកិច្ចចុះជួយមូលដ្ឋានស្រុកចិត្របុរី លោកបានពិនិត្យឃើញថា សាលាបឋមសិក្សាត្រពាំងទ្រាំង នៅក្នុងវត្តមានសភាពទ្រុឌទ្រោម ដំបូងឡើយលោកថាជួយជួសជុលឡើងវិញដើម្បីឱ្យក្មួយៗមានឱកាសរៀនសូត្របានស្រួល ប៉ុន្តែ ក្រោយពីពិនិត្យជាក់ ស្ដែងឃើញអគារចាស់ខ្លាំងពេកមិនអាចជួសជុលបានលោកក៏សម្រេចសាងសង់អគារថ្មីតែម្ដង។

លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា ដោយទីតាំងសាលានៅក្នុងវត្តរាងតូច ក្រែងពេលមានបុណ្យទានរំខានដល់ការរៀនសូត្ររបស់ក្មួយៗ ហើយដោយឃើញលោកគ្រូ អ្នកគ្រូបង្រៀននៅទីនេះមកពីឆ្ងាយ ដើម្បីបង្កលក្ខណះ ដល់លោកគ្រូ អ្នកគ្រូបានសុកស្រួលមានឱកាសបានបង្រៀនក្មួយៗបានយូអង្វែង លោក យក់ ប៊ុនណា ក៏សម្រេចចិត្តទិញដីថ្មីមួយកន្លែង សាងសង់អគារសិក្សាថ្មី ព្រមសាងសង់ផ្ទះសម្រាប់លោកគ្រូ អ្នកគ្រូ ព្រមទាំងជីកស្រះ ទឹកនៅទីនេះមួយ ដោយហ៊ុំរបងជុំវិញ ហើយទីធ្លាសាលាមានផ្ទៃដីជាង ៣ហិតា ។

ក្នុងឱកាសនោះដែរលោក យក់ ប៊ុនណា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលអញ្ជើញមកពីប្រទេសជប៉ុន ដែលបានចូលរួមចំណែកក្នុងការកសាងសាលានេះ ហើយសូមអរគុណលោកអភិបាលខេត្តនដែលបានរួមចំណែកកិច្ចការនេះ។

ក្នុងនាមប្រជាពលអាជ្ញាធរ សូមអរគុណ ចំពោះទឹកចិត្តអស់លោក លោកស្រី ដែលមានសមាណចិត្តជាមួយប្រជាពលរដ្ឋ កូនចៅប្រជាពលរដ្ឋ នៅទីនេះ ហើយថ្ងៃនេះក៏បានអញ្ជើញមកផ្ទាល់ ហើយមានការលំបាកក្នុងការធ្វើដំណើរពីភ្នំពេញមកទីនេះឆ្ងាយ ពីជប៉ុនមកកម្ពុជាក៏ឆ្ងាយដែរ។ អាកាសធាតុក៏ខុសគ្នាប្រហែលមានការលំបាក់ជាមួយការសម្របនូវអាកាសធាតុ។

លោក យក់ ប៊ុនណា ក៏បានផ្ដាំផ្អើលដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជួយថែទាំសមិទ្ធផលទាំងនេះឱ្យបានគង់វង់យូរអង្វែង ហើយលោកនៅតែបន្តចូលរួមជាមួយប្រជាពលរដ្ឋនៅទីនេះ អាជ្ញាធរដ្ឋាន ដើម្បីអភិវឌ្ឍន៍សាលានេះឱ្យទៅជាសាលាបៃតង និងមានដើមឈើស្រស់បំព្រងនៅថ្ងៃអនាគត។

លោកសង្ឃឹមថា ២ទៅ ៣ឆ្នាំទៀតនៅទីនេះ ទេសភាពស្រស់បំព្រង ប្រកបដោយដើមឈើដែលដុះលូតលាស់នៅជុំវិញទីធ្លាសាលា និងក្នុងសាលានេះជាក្ដីបំណងរបស់យើងលោក ហើយលោកគិតថាជាក្ដីបំណងរបស់ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា៕