(ភ្នំពេញ)៖ នៅក្នុងម៉ោងសិក្សាអំពី «របៀបចាប់មុំសរសេរព័ត៌មានក្ដៅ និងរបៀបសរសេរ Lead ដើម្បីទាក់ទាញ» របស់ FTC លោក ម៉ារ យ៉ារិទ្ធ បានបង្ហាញអំពីគន្លឹះសំខាន់ៗចំនួន៥ ដែលអ្នកសរសេរព័ត៌មានគួរអនុវត្តនៅក្នុងការសរសេរអត្ថបទប្រភេទ «ការធ្វើបច្ចុប្បន្នភាពព័ត៌មាន» ឬ News Updated ឬយើងហៅម្យ៉ាងទៀតថា Developing News Report។

គន្លឹះទាំង៥យ៉ាងនោះរួមមាន៖

១៖ ត្រូវដឹងថាតើមានអ្វីថ្មីទាក់ទងនឹងរឿងដែលយើងសរសេរ?
២៖ ពិនិត្យរឿងដែលបានសរសេររួចហើយ
៣៖ ស្រាវជ្រាវរកការពិតដែលសំខាន់អំពីបុគ្គលដែលពាក់ព័ន្ធឬប្រវត្តិ នៃព្រឹត្តិការណ៍
៤៖ រៀបចំកត់ត្រានូវចំណុចសំខាន់ៗ
៥៖ រករបាយការណ៍នានាដែលជាប់ពាក់ព័ន្ធនឹងការពិតឬពាក់ព័ន្ធ បុគ្គលដែលមានការកត់ត្រាហើយយើងចាប់ផ្តើមសរ សេរ ដោយប្រើ Direct lead ធម្មតា។

បន្ថែមពីនេះលោក ម៉ារ យ៉ារិទ្ធ​ បានសង្កត់ធ្ងន់ថា៖ «រឿងដែលគេសរសេររួចហើយ ឬរឿងដែលមានពី ម្សិលមិញហើយ មិនអាចជារឿងដែលយើងត្រូវសរសេរដូចគេនោះទេ ត្រូវតែព្យាយាមរកអ្វីដែលថ្មី» ហើយរឿងដែលសរសេរនោះត្រូវ Balance and Fairness»

គួរជម្រាបជូនថា លោក ម៉ារ យ៉ារិទ្ធ គឺជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) និងជាគ្រូបង្គោល នៅក្នុងការសរសេរបង្ហាត់បង្រៀនផ្នែកសរសេរព័ត៌មានផ្ទាល់ផងដែរ។ បច្ចុប្បន្ន FTC មានការបណ្ដុះបណ្ដាលជំនាញចំនួន២គឺ ជំនាញសរសេរព័ត៌មាន ដោយលោក ម៉ារ យ៉ារិទ្ធ និងជំនាញថតរូបក្នុងវិជ្ជាជីវៈសាព័ត៌មាន គឺបង្រៀនដោយលោក ហេង ស៊ីនិត្យ ដែលសុទ្ធសឹងតែជាគ្រូជំនាញ និងមានបទពិសោធន៍ក្នុងការបំពេញការងារទាំងស្ថាបនជាតិ និងអន្តរជាតិជាង៣០ឆ្នាំមកហើយ។

បច្ចុប្បន្ននេះ FTC ក៏កំពុងបើកទទួលពាក្យចូលរៀនលើផ្នែក ថតរូបក្នុងវិជ្ជាជីវៈសាព័ត៌មាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់បំណាច់ខែមីនា ហើយនឹងចូលរៀននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ខាងមុខ៕