(ព្រះសីហនុ)៖ រោងចក្រផលិតសំបកកង់រថយន្ដ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចាប់ផ្ដើមដំណើរការផលិតដើម្បីនាំចេញជាលើកដំបូងរបស់ខ្លួនទៅកាន់ទីផ្សារបរទេស ជាមួយក្ដីរំពឹងខ្ពស់ក្នុងការនាំចេញសំបកកង់ធុនតូច ៥លានសំបក និងសំបកកង់រថយន្ដធុនធំ ៩០ម៉ឺនសំបក ក្នុងមួយឆ្នាំ។ ទីផ្សារចម្បងដែលនឹងត្រូវនាំចេញនោះ គឺសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រេសស៉ីល និងប្រទេសផ្សេងៗទៀត។

រោងចក្រផលិតសំបកកង់រថយន្ដ ដែលលេចរូបរាងជាថ្មីនៅលើទឹកដីរបស់កម្ពុជានេះ ឈ្មោះ «ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក» ជាក្រុមហ៊ុនសំបកកង់ឈាន មុខគេមួយនៅប្រទេសចិន។

ពិធីសម្ពោធដំណើរការផលិតចេញសំបកកង់រថយន្ដជាលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ធ្វើ់ឡើងក្រោមអធិបតីភាពរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

លោក Gu Cui ប្រធានក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក បានលើកឡើងថា ការផលិតចេញសំបកកង់លើកដំបូងនាពេលនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១នៅក្នុងប្រទេសថៃ រយ:ពេល៣ឆ្នាំ យើងបានសាងសង់ក្រុមហ៊ុនទី២ នៅកម្ពុជា (ខេត្តព្រះសីហនុ)។

លោកបញ្ជាក់ថា នៅកម្ពុជា ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ៣០០លានដុល្លា ដែលគ្របដណ្តប់លើផ្ទៃដី ១៨០,០០០ម៉ែត្រការ៉េ និងមានសមត្ថភាពផលិតសំបកកង់ក្នុង១ឆ្នាំ គឺសំបកកង់តូច ៥លានគ្រឿង និងសំបកកង់ឡានធំ៩០០,០០០គ្រឿង នាំចេញជាចម្បងទៅកាន់ប្រទេសសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។

ប្រធានក្រុមហ៊ុនរូបនេះ បានរំលឹកថា រោងចក្រផលិតសំបកកងរថយន្តនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ គោលដៅបង្កើតក្រុមហ៊ុនឆ្លាតវៃ ស្វ័យប្រវត្តិ និងព័ត៌មានដោយប្រើប្រាស់ឧបករណ៍លំដាប់ពិភពលោក និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បានអបអរសាទរ និងស្វាគមន៍ការដាក់ឲ្យដំណើរការ ការផលិតចេញសំបកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី(ខេមបូឌា) នៅក្នុងខេត្តព្រះសីហនុ។

លោកបានថ្លែងអំណរគុណក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) ជ្រើសរើសយកខេត្តព្រះសីហនុ ដើម្បីដាក់ទុនវិនិយោគអាជីវកម្ម ក្នុងការផលិតសំបកកង់រថយន្ត ជាប្រភេទផលិតផលថ្មីមួយទៀត សម្រាប់ខេត្តព្រះសីហនុ និងជួយសម្រួលដល់វិនិយោគិនដែលមកវិនិយោគនៅខេត្តព្រះសីហនុ ដោយលើកទឹកចិត្តដល់ការនាំសម្ភារសាងសង់ចូលដោយឥតបង់ពន្ធតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការពារសន្តិសុខ សុវត្ថិភាពជូនដល់វិនិយោគិនបរទេសទាំងអស់។

លោកអភិបាលខេត្តបានបន្ដទៀតថា វត្តមានក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) នៅខេត្តព្រះសីហនុ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋ ការកើនឡើងនូវបរិមាណនាំចេញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កំណើនចំណូលពន្ធដារ និងចំណូលមិនមែនសារពើពន្ធធ្វើឲ្យមានកំណើន និងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងកាលានុវត្តភាពនៃការវិនិយោគជាតិ និងអន្តរជាតិ។

លោក គួច ចំរើន បានអះអាងថា បច្ចុប្បន្នខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និងប្រសិទ្ធនាមជា «តារារះនាទិសនិរតី» ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន២២១ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១ទីតាំង មាន៤ទីតាំង កំពុងដំណើរការ។ ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនាគតដ៏ខ្លីខាងមុខនេះខេត្តព្រះសីហនុ សង្ឃឹមថានឹងទទួលបានវិនិយោគិនបរទេសជាបន្តបន្ទាប់មកវិនិយោគ និងធ្វើពាណិជ្ជ៕